លោកវេជ្ជបណ្ឌិតវៀតណាម Nguyen Thi Son បានចេញមកធ្វើការបកស្រាយ ក៏ដូចជាបញ្ជាក់ប្រាប់ពីគុណសម្បត្តិ និងគុណវិបត្តនៃអ្នកដែលតែងតែចូលចិត្តទទួលទានទឹកដូង ដូច្នេះមុនសម្រេចចិត្តទទួលទានទឹកដូង អ្នកត្រូវប្រាកដថាមិនមាន ៤ ចំណុចខាងក្រោម៖
១. អ្នកមានរាងកាយត្រជាក់
ទឹកដូងមិនល្អសម្រាប់អ្នកមានរាងកាយត្រជាក់ទេ ព្រោះវាអាចរំខានដល់តុល្យភាពសកម្មភាពមេតាបូលីស ធ្វើឲ្យរាងកាយចុះខ្សោយ និងអស់កម្លាំង ។
២. ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូង
អំឡុងពេល ៣ ខែដំបូងនៃការមានផ្ទៃពោះ ទារកមិនទាន់បានភ្ជាប់យ៉ាងរឹងមាំទៅនឹងស្បូនរបស់ម្ដាយទេ ។ ការទទួលទានទឹកដូងអាចធ្វើឲ្យរាងកាយត្រជាក់ និងបង្កហានិភ័យនៃការរលូតកូន ។ មួយវិញទៀតរោគសញ្ញានៃការចាញ់កូននឹងកាន់តែធ្ងន់ធ្ងរ ដោយសារតែការទទួលទានទឹកដូងញឹកញាប់បណ្ដាលឲ្យហើមពោះ និងរំខានដល់ប្រព័ន្ធរំលាយអាហារ ។
៣. បន្ទាប់ពីត្រូវកម្ដៅពន្លឺព្រះអាទិត្យ
បន្ទាប់ពីធ្វើសកម្មភាពក្រោមពន្លឺថ្ងៃ អ្នកមិនគួរពិសាទឹកដូងភ្លាមៗនោះទេ ។ ការសម្រាកទុកឲ្យរាងកាយមានស្ថិរភាព មុនពេលទទួលទានទឹកដូងគឺជារឿងល្អបំផុត ។
៤. មុនចូលគេង
ការផឹកទឹកដូងច្រើនមុនពេលចូលគេងអាចរំខានដល់វដ្ដនៃការគេង ដូច្នេះពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹកដូងគឺនៅពេលព្រឹក ឬពេលរសៀល ។
គួររំលឹកថា បុគ្គលដែលមានជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម ជំងឺតម្រងនោមរ៉ាំរ៉ៃ អតុល្យភាពអេឡិចត្រូលីត ឬប្រតិកម្មទៅនឹងទឹកដូង គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញអាហារូបត្ថម្ភ មុនពេលទទួលទានទឹកដូង ៕