(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន បានបើកសិក្ខាសាលា ស្តីពីវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាទូរស័ព្ទឆ្លាតវៃ និងការការពារសុវត្ថិភាពក្នុងការប្រើប្រាស់ Telegram Facebook Message ដល់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិមិ្មតប៉ៃលិន ចំនួន១៥០នាក់ ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោកស្រី កើត ស៊ីធៀម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន,លោកវរសេនីយ៍ឯក ជា សុផារិទ្ធ ស្នងការរងនគរបាលខេត្តប៉ៃលិន និងលោក ខាំ យ៉ារិន នាយកវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិន ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនមិត្តហ្វូន, តំណាងក្រុមហ៊ុន EZECOM លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបជាង១៥០នាក់ ។
លោក ខាំ យ៉ារិន នាយកវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិន បានមានប្រសាសន៍ថា៖ សិក្ខាសាលានាពេលនេះពិតជាមានសារៈប្រយោជន៍ធំធេងណាស់សម្រាប់ប្អូនៗសិស្សានុសិស្សទាំងអស់ ដើម្បីសិក្សាស្វែងយល់អោយបានច្បាស់ លើបញ្ហានៃការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងអ៊ីនធឺណិត ដោយសារសិក្ខាសាលា មានវាគ្មិន ដែលជាអ្នកជំនាញ និងតំណាងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ អ៊ីនធឺណិតអញ្ជើញមកផ្ទាល់ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង គុណសម្បត្តិ គុណវិបត្ត នៃការប្រើប្រាស់បណ្តាញអ៊ីនធឺណិតដែលយើងកំពុងមាន និងប្រើប្រាស់យ៉ាងសកម្មជារៀងរាល់ថ្ងៃនេះ។
លោកស្រី កើត ស៊ីធៀម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ ដោយយល់ឃើញពីសារសំខាន់ និងបញ្ហាប្រឈមមួយចំនួន នៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានផ្តួចផ្ដើមរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ទាក់ទងទៅនឹងវិស័យប្រៃសណីយ៍,បច្ចេកវិទ្យាវ័យឆ្លាត និងសុវត្ថិភាព នៃការប្រើប្រាស់បណ្តាញសង្គម។ ឆ្លងកាត់សិក្ខាសាលានេះ សិក្ខាកាមនឹងបានយល់ជ្រួតជ្រាបពី បច្ចេកវិទ្យាថ្មីៗ ការការពារសុវត្ថិភាពក្នុងការប្រើប្រាស់ platform ផ្សេងៗ និងល្បិចកលឆបោកពីសំណាក់ជនខិលខូច ដែលយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការឆបោកបងប្អូនប្រជាពលរដ្ឋ។ លោកស្រី កើត ស៊ីធៀម បានមានប្រសាសន៍បន្តទៀតថា៖ យើងទាំងអស់គ្នាបានដឹងហើយថា ការវិវត្ត នៃបច្ចេកវិទ្យានៅលើសកលលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ឥតឈប់ឈរ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ដូច្នេះ យើងត្រូវតែដើរអោយទាន់សម័យកាល នៃការវិវឌ្ឍន៍រីកចំរើនរបស់ច្ចេកវិទ្យា, ក្លាយខ្លួនជាធនធានមនុស្សឌីជីថលសម័យថ្មី។
សូមបញ្ជាក់ថា៖ នៅក្នុងសិក្ខាសាលានេះ មានការលើកឡើង សួរដេញដោល របស់សិក្ខាកាម ដើម្បីឲ្យវាគ្មិនបានបកស្រាយ ទាក់ទងទៅនឹងការឆបោកតាមប្រព័ន្ធ Telegram Facebook Message ជាដើម។ លើសពីនេះសិក្ខាកាម ក៏បានស្នើសុំអោយមានការបើកវគ្គបណ្តុះបណ្តាលរបៀបនេះ អោយបានច្រើនបន្ថែមទៀត និងបានសន្យាថា នឹងជួយផ្សព្វផ្សាយបន្តនូវចំនេះដឹងដែលទទួលបាន ទៅកាន់បងប្អូន ញាតិមិត្ត បន្តទៀត៕ អត្ថបទ សេង សុវណ្ណារិទ្ធ