ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅមន្ទីរសុខាភិបាលខេត្ត លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការណែនាំរបស់ការសិក្សាទិដ្ឋភាពទូទៅនៃបន្ទុកជំងឺនៅតាមទីជនបទនៃតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍៖ ការស្ទង់មតិសុខភាពគ្រួសារអន្តរវិស័យតាមរយៈកិច្ចសម្ភាសន៍លើកម្រង សំណួរ និងការធ្វើតេស្ត មន្ទីរពិសោធន៍ ដែលបានជ្រើសរើសនៅក្នុងតំបន់គោលដៅក្រុងប៉ៃលិននៃខេត្តប៉ៃលិន របស់អង្គការ AHEAD និងស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រតំបន់ត្រូពិចនៃសាកលវិទ្យាល័យ ម៉ាហ៊ីដុល-អកហ្វត (Mahidol-Oxford Tropical Medicine Research Unit) ហៅកាត់ថា MORU ។ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកវេជ្ជបណ្ឌិត Tom Peto តំណាងស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រតំបន់ត្រូពិចនៃសាកលវិទ្យាល័យ ម៉ាហ៊ីដុល-អកហ្វត (Mahidol-Oxford Tropical Medicine Research Unit), លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមពីនាយិកាអង្គការ AHEAD លោក-លោកស្រីចៅសង្កាត់ទាំង៤សង្កាត់ ប៉ុស្តិ៍ទាំង៤សង្កាត់ ប្រធានមណ្ឌលសុខភាព និងលោកមេភូមិដែលពាក់ព័ន្ធផងដែរ។
លោក យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានថ្លែងថា៖ មន្ទីរសុខភិបាលខេត្តពេញចិត្តជានិច្ចក្នុងកិច្ចសហការលើវិស័យសុខាភិបាលជាមួយអង្គការតូចធំជាដៃគូ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលដល់គ្រប់ខ្នងផ្ទះ ហើយខេត្តប៉ៃលិនទទួលបានចំណាត់ថ្នាក់ល្អផ្នែកសុខាភិបាលថែមទៀត ទទួលបានការកោតសសើរពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេសការផ្តល់សេវាសុខាភិបាលតាមមូលដ្ឋានក្រោមការជួយជ្រោមជ្រែងពីអង្គការ AHEAD ក្រោមជំនួយនិងកិច្ចសហការពីអង្គការ MORU បែបនេះ។
ក្នុងឱកាសនោះដែរលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ បច្ចុប្បន្នវិស័យសុខាភិបាលកំពុងដើរតួនាទីសំខាន់ណាស់ក្នុងសង្គមជាតិយើងមិនអាចខ្វះបាននោះទេ ដូចនេះយើងគ្រប់គ្នាត្រូវចេះប្រើវិស័យមួយនេះអោយបានត្រឹមត្រូវច្បាស់លាស់ហើយចំគោលដៅផងដែរ។ ហើយក្រោមការដឹកនាំដ៏នាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំខេត្តប៉ៃលិនអភិវឌ្ឍន៏លើគ្រប់វិស័យប្រកបដោយចីរភាព និងភាពទាក់ទាញភ្ញៀវទេសចរណ៏យ៉ាងសម្បូបបែប។ លើសពីនោះលោកជំទាវអភិបាលខេត្តបានដឹកនាំជម្រុញលើវិស័យសុខាភិបាលខេត្តប៉ៃលិន បម្រើសេវាកម្មល្អ ទំនួលខុសត្រូវខ្ពស់និងការព្យាបាលជូនពលរដ្ឋមិនខ្លាចនឿយហត់ ជាពិសេសទទួលបានការកោតសសើរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទៀតផង។
ជាមួយគ្នានោះលោក សោ សុវណ្ណ ក៏លើកឡើងដែរថា៖ ខេត្តប៉ៃលិនពិតជាមានមោទនភាពផងដែរ ដែលគម្រោងរបស់អង្គការ AHEAD និង MORU ចុះមកជួយខេត្តប៉ៃលិន លើការស្ទង់មតិសុខភាពគ្រួសារអន្តរវិស័យតាមរយៈកិច្ចសម្ភាសន៍លើកម្រង សំណួរ និងការធ្វើតេស្ត មន្ទីរពិសោធន៍ ដែលបានជ្រើសរើសនៅក្នុងតំបន់គោលដៅសម្រាប់ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ដែរថា៖ សូមអោយអាជ្ញាធរតាមមូលដ្ឋានមេត្តាជួយសម្របសម្រួលនិងសហការក្នុងការងារមួយនេះអោយបានងាយស្រួលនឹងប្រកបដោយភាពរលូនជូនដល់ក្រុមការងាររបស់អង្គការក្នុងការអនុវត្តការងារតាមគោលដៅនីមួយៗ ហើយស្នើដល់សមត្ថកិច្ចមូលដ្ឋានធ្វើយ៉ាងណារក្សាសុខសុវត្ថិភាពនិងជួយមើលខុសត្រូវកិច្ចការងារសន្តិសុខដល់ក្រុមការងាររបស់គាត់ផងដែរ។ បញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត មល់ សុវណ្ណ នាយិកាអង្គការ AHEAD បានឲ្យដឹងដែរថា៖ គម្រោងមួយនេះត្រូវអនុវត្តនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយ ហ្នឹងចុះផ្ទាល់ទាំង ៤ សង្កាត់ រួមមាន៖ សង្កាត់អូរតាវ៉ៅ មាន១១ភូមិ, សង្កាត់ប៉ៃលិនមាន ២ភូមិ, សង្កាត់បរយ៉ាខាមាន ៣ភូមិនិងសង្កាត់ទួលល្វាមាន ១ភូមិ។ ហើយគោលដៅមាន ៣មណ្ឌលសុខភាពសំខាន់ៗគឺ ១.មណ្ឌលសុខភាពក្រចាប់, ២.មណ្ឌលសុខភាពអូរច្រា និង៣.មណ្ឌលសុខភាពសួនកុមារ ក្នុងក្រុងប៉ៃលិន។ ហើយអនុវត្តន៍រួចរាល់ខេត្តបាត់ដំបង សម្រាប់ខេត្តប៉ៃលិនជាខេត្តទី២ ហើយដែលអនុវត្តន៍លើគម្រោងមួយនេះ៕