ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងចំនួន០៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០៤ ដល់ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យដាច់កដៃខាងឆ្វេង ។
ករណីបង្កហិ.ង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅចំណុចផ្លូវ៦០ម៉ែត្រវាងក្រុង ស្ថិតនៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនបង្ក បានគេចខ្លួនបាត់ ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះធ្វើការស៊ើបសួរពីជនរងគ្រោះ និងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ។
លោកវរសេនីយ៍ឯក កែវ សារិ អធិការក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្រោយកំណត់មុខសញ្ញាបាន លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ នៃអធិការដ្ឋានគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ មានឈ្មោះ ឈន ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាបក្ខពួករបស់ក្រុមជនបង្ក នាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។
លោកអធិការ បន្តថា ក្រោយពីជនសង្ស័យ បានសារភាព និងចង្អុលបង្ហាញទីកន្លែងរបស់ក្រុមបក្ខពួកកំពុងសំងំលាក់ខ្លួន លោកបានដឹកនាំកម្លាំងផ្នែកជំនាញ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនបង្ក បានចំនួន០៥នាក់បន្ថែមទៀត នៅវេលាម៉ោង១២និង១០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។
ជនសង្ស័យចំនួន០៥នាក់ រួមមាន ៖
ទី១- ឈ្មោះ រឹម ភារៈ ហៅរ៉េ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទី២- ឈ្មោះ សួន សុខរ៉ា ហៅប៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរខេត្តពោធិ៍សាត់។
ទី៣- ឈ្មោះ ញ៉ សុជាតិ ហៅធំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តដឹកដី រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរខេត្តពោធិ៍សាត់។
ទី៤- ឈ្មោះ ឌឹម សុផាន់ណាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូងជួរ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
និងទី៥- ឈ្មោះ ទុយ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ កាំបិតផ្គាក់ដងឈើចំនួន០១ដើម និងម៉ូតូចំនួន០៣គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យចំនួន០៦នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី ៕