ប៉ៃលិន ៖ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើ បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អភិបាលរងខេត្ត ព្រះរាជអាជ្ញារង នាយក រដ្ឋបាលសាលាខេត្ត ស្នងការខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធានពន្ធនាគារខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា ដើម្បីជ្រើសរើសបានទណ្ឌិត ដែលមានការតាំងចិត្តកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ ពិតប្រាកដ ហើយអាចរស់នៅប្រកបដោយសេចក្តីសុខ ជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ទណ្ឌិតដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោស ដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះ គឺមានដូចជា ទោសចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ផ្នែក គ្រប់ជំនាញ នៃអង្គភាពពន្ធនាគារខេត្ត ត្រូវតែបង្កើនការប្រុងប្រយ័ត្នទ្វេរដង ពីព្រោះអ្នកជាប់ទោសមានមុខសញ្ញាបទស្មើសគ្រប់ប្រភេទ មិនត្រូវមើលស្រាលនោះឡើយ ហើយបើមានករណីអ្វីកើតឡើងនោះ គឺនាំឲ្យបាត់បង់គុណតម្លៃរបស់មន្ត្រី ហេតុនេះត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាប្រុងប្រយ័ត្នជាប់ជាប្រចាំ ។
សូមបញ្ជាក់ថា៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣ ខាងមុខនេះ «អង្គភាពពន្ធនាគារខេត្តប៉ៃលិន បានជ្រើសរើសយកទណ្ឌិតចំនួន ១៨នាក់ ជាបុរសទាំងអស់ មកដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត»៕
អត្ថបទ៖ លោក ញ៉ឹប បូរី