(ភ្នំពេញ)៖ ក្រសួងអប់រំ នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធរបស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។ ជាពិសេស ការបង្រៀនខាងផ្នែកវិធីសាស្ត្រ នៃការបង្រៀន បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។
ការណ៍នេះធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយលោកស្រី EVa Mysliwiec អតីតស្ថាបនិកអង្គការ CDRI និងលោកនាយិកាសាលា Samdech Hun Sen School Complex ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការររវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធរបស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការមួយនេះ អាចធ្វើឲ្យប្រទេសទាំងពីរមានឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមកបន្ថែមទៀត។ សូមជម្រាបថា កាលពីអំឡុងឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានផ្តល់ជំនួញផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី។ សាលានោះត្រូវបានឲ្យឈ្មោះថា «Samdech Hun Sen School Complex»៕