(ថៃ)៖ ខេត្តចំនួន២របស់ប្រទេសថៃ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា កំពុងប្រឈមគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ព្រមទាំងបានកាត់ផ្តាច់ផ្លូវមួយចំនួនផងដែរ ដោយសារកម្ពស់ទឹកឡើងខ្ពស់មិនអាចឱ្យរថយន្តតូចធ្វើចរាចរបានឡើយ។ យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានសរសេរថា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ម្សិលមិញនេះ ទឹកជំនន់បានហក់ឡើងយ៉ាងខ្លាំងទៅលើខេត្តចំនួនពីរ គឺខេត្តស្រះកែវ និងខេត្តច័ន្ទបុរី រួមជាមួយនិងផ្លូវជាតិមួយចំនួន ដែលបង្កឱ្យមានការអាក់ខានក្នុងការធ្វើចរាចររបស់រថយន្តធុនតូច។
ការផ្សាយបានបន្តថា គ្រោះទឹកជំនន់នេះ ក្រៅពីលិចតំបន់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តទាំងពីរនេះ ក៏នៅមានការហូរកាត់ផ្លូវជាតិដ៏សំខាន់មួយខ្សែ គឺផ្លូវលេខ ៣១៧ ដែលផ្សាភ្ជាប់ពីខេត្តច័ន្ទបុរី ទៅខេត្តស្រះកែវ ដោយការលិចផ្លូវនេះមានចម្ងាយរាប់សិបគីឡូម៉ែត្រ ដែលមិនអាចឱ្យរថយន្តធុនតូចធ្វើដំណើរចូលទីរួមខេត្តច័ន្ទបុរីបានឡើយ និងផ្លូវមួយខ្សែទៀត ដែលចេញពីខេត្តច័ន្ទបុរី ទៅកាន់ស្រុកពោងណាំរ៉ន ជាប់ព្រំដែនកម្ពុជាត្រង់ខេត្តប៉ៃលិន ក៏ត្រូវរាំងស្ទះដូចគ្នា។ បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះអន្តរាគមន៍ និងធ្វើចរាចរបញ្ចៀសឱ្យរថយន្តប្រើប្រាស់ផ្លូវផ្សេងវិញ ដើម្បីគេចពីបញ្ហានានា ដែលអាចកើតមានឡើងជាយថាហេតុ ព្រោះនៅព្រឹកថ្ងៃទី៤ នេះ ទឹកនៅតែឡើងសន្សឹមៗ មិនទាន់មានការស្រកចុះនៅឡើយទេ ៕