ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ គេសង្កេតឃើញភ្ញៀវទេសចរជាតិ ដែលមានក្មេងចាស់ ប្រុសស្រីជាច្រើននាក់ បាននាំគ្នាធ្វើដំណើរចេញពីក្រុងប៉ៃលិន ដែលមានចម្ងាយផ្លូវប្រមាណ៥គីឡូម៉ែត្រ ឆ្ពោះទៅកាន់កន្លែងរមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី ឬអូរអែម ស្ថិតនៅក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។បើតាមការរៀបរាប់ពីភ្ញៀវទេសចរ បានប្រាប់ឱ្យដឹងថា «ទោះបីជាផ្លូវឆ្ពោះទៅលេងរមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី មានការលំបាកបន្តិច ដោយភាគច្រើន គឺគេធ្វើដំណើរតាមម៉ូតូប៉ុណ្ណោះ ព្រោះផ្លូវតូចចង្អៀត ហើយសម្បូរទៅដោយក្បាលថ្ម។ រីឯរថយន្តខ្ពស់ៗ ហើយមានកម្លាំងខ្លាំង ទើបអាចឡើងទៅដល់កន្លែងលេងកម្សាន្តថ្មីនេះបាន។ ចំណែកទេសភាពព្រៃភ្នំវិញ គឺស្រស់បំព្រង បញ្ចេញពណ៌ខៀវខ្ចី អមទៅដោយសម្លេងសត្វព្រៃ និងសត្វរៃកណ្តឹងឆ្លើយឆ្លងគ្នាយ៉ាងពីរោះរណ្តំ ត្រជាក់ស្រេបពេលថ្ងៃក្តៅខ្លាំង លាយឡំជាមួយនឹងខ្យល់បក់បោកយ៉ាងរំភើយ។ប្រភពដដែលបន្តទៀតថា ភ្ញៀវទេសចរមួយចំនួន ក៏បានវេចឆ្នាំង ចាន និងម្ហូបអាហារ គ្រឿងទេសផ្សេងៗ ដើម្បីនាំគ្នាទៅដាំបាយ និងធ្វើម្ហូបនៅក្បែររមណីយដ្ឋាននេះតែម្តង ហើយក៏មានអ្នកខ្លះទៀតនាំគ្នាយកម៉ុង អង្រឹង ភួយ ដើម្បីទៅបោះតង់ដេកសម្រាកលំហែកាយនៅក្នុងព្រៃភ្នំខាងលើនេះ ជាលក្ខណៈជាក្រុមផងដែរ។ម្យ៉ាងវិញទៀត រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានដឹងពីកន្លែងលេងថ្មីនេះ កាន់តែច្រើនឡើងៗ ហើយក៏បាននាំគ្នាធ្វើដំណើរទៅលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ នៅថ្ងៃខាងមុខ បើសិនជាមានផ្លូវល្អត្រឹមត្រូវ ហើយអាចឱ្យម៉ូតូ និងរថយន្តឡើងទៅយ៉ាងរលូននោះ មិនខ្វះទេ ភ្ញៀវទេសចរដែលនាំគ្នាឡើងទៅលេងទឹកធ្លាក់ខាងលើនេះ៕