ខេត្តក្រចេះ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តដឹកថ្មម៉ាបមួយគ្រឿង ក្រោយពីទម្លាក់ថ្មម៉ាបរួច ក៏ត្រឡប់ទៅដឹកទៀត ចៃដន្យអីអ្នកបើកបររថយន្តស្រាប់តែងងុយដេក ក៏រេចង្កូតទៅបុ.កបង្កាន់ដៃស្ពាន ហើយក៏ជ្រុលធ្លាក់ចូលទៅក្នុងទឹកអូរ បណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍រថយន្តធ្លាក់ចូលទឹកអូរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ពាន «សម្បទានតាកុត» ស្ថិតក្នុងភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក ស្តេនញ៉ា(SCANIA) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A:9091 បើកបរពីត្បូងទៅជើង ក្នុងស្ថានភាព ងងុយដេក បណ្តាលរថយន្តឲ្យធ្លាក់ផ្លូវរេចង្កូតទៅបុ.កជាមួយនឹងបង្កាន់ដៃស្ពាន ហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកអូរ បណ្តាលឲ្យមនុស្សចំនួន៤នាក់នៅក្នុងរថយន្តនោះ រងរបួសធ្ងន់-ស្រាល ហើយត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តវិញ រងការខូចខាតយ៉ាងដំណំ និងខូចបង្កាន់ដៃស្ពានប្រវែង២០ម៉ែតផងដែរ។ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង ចន្លោះគីឡូម៉ែត្រលេខ៣៥៧-៣៥៨ បង្កដោយខ្លួនឯង។
ក្រោយពេលកើតហេតុ រថយន្តខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ ចុះអន្តរាគន៍ស្ទូចយករថយន្តទៅរក្សារទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់នៅពេលក្រោយទៀត។