សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ដែលមានព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្តជាប្រធាន ស្ថិតលើផ្ទៃដីជិត ៩ហិកតា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅក្បែរតំបន់ទឹកធ្លាក់បយ៉ាខា(អូរអែម) ដែលមានចម្ងាយផ្លូវប្រមាណជាង២ គីឡូម៉ែត្រ ពីផ្លូវក្រាលកៅស៊ូទួលបរហ៊ុយ កំពុងដើរតួនាទី ចូលរួមចំណែកក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ តាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើវិស័យបរិស្ថានធម្មជាតិកម្ពុជាដែលស្ថិតនៅខេត្តប៉ៃលិន។ ដែលការដាំដើមឈើនេះ មានការចូលរួមពីលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ស៊ុំ ហៀង និងព្រះសង្ឃពីតាមបណ្តាខេត្តនានា សមាគមន៍គ្រិស្តសាសនា សមាគមន៍ព្រះសង្ឃ សហគមន៍ និងពុទ្ធបរិស័ទ្ធជាច្រើននាក់ទៀត។
ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្ត និងជាប្រធាន សង្ឃមណ្ឌលបរិស្ថាន បានមានព្រះសង្ឃដីកាឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ថា៖ បច្ចុប្បន្ន ព្រះអង្គកំពុងធ្វើយុទ្ធនាការដាំដើមឈើប្រណិត ១លានដើម ដូចជាប្រភេទឈើ គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរជាច្រើនដើម។ នៅក្នុងសង្ឃមណ្ឌលបរិស្ថាននេះ ដើម្បីស្តារព្រៃឈើឡើងវិញ បន្ទាប់ពីការកាប់បំផ្លាញ និងការឆេះដោយភ្លើងព្រៃមួយអន្លើៗ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។ ហើយក្នុងពេលនេះផងដែរ គឺគោលបំណងយើងនាំកូនឈើចំនួន ៧០០ដើម មកដាំបន្ថែមទៀត ដើម្បីលើកកម្ពស់បរិស្ថានធម្មជាតិប៉ៃលិនបន្ថែមទៀតដែលស្ថិតនៅជាប់តំបន់ទឹកធ្លាក់បរយ៉ាខា (អូរអែម) ដែលជាសក្តានុពលទេសចរណ៏ដ៏ទាក់ទាញផងដែរ។ ជាមួយគ្នានោះការរៀបចំកម្មវិធីនៅថ្ងៃនេះក៏មានគោលបំណងមួយទៀតគឺបួងសួងសុំសេចក្តីសុខ ជាពិសេសបួងសួងព្រះអង្គខ្មៅ ដើម្បីសុំអោយមានទឹកទឹកភ្លៀងបង្អុរមកលើទឹកដីខេត្តប៉ៃលិនគ្រប់ទីកន្លែងជោគជាំ ដើម្បីស្រោចស្រង់ដំណាំប្រជាកសិករដែលខូចខាតមួយចំនួនហ្នឹងក៏ដើម្បីអោយផលដំណាំបានទទួលផលច្រើនផងដែរ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ក៏បានមានសង្ឃដីកាធ្វើការបិណ្ឌបាតដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់នូវបរិស្ថានធម្មជាតិ សូមចូលរួមតាមសទ្ធា និងតាមលទ្ធភាព ជាកម្លាំងក្តី ជាកូនឈើក្តី ឬបច្ច័យ ដើម្បីធ្វើឲ្យសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន មានដើមឈើប្រណិតចំនួន ១លានដើម ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។
ជាមួយគ្នានោះបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការ ដាំកូនឈើជាមួយព្រះសង្ឃ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួម ការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ ហើយបានបន្តអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនឡើង ដើម្បីឱ្យគម្រោង ដែលដឹកនាំដោយ ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្ត ទទួលបានជោគជ័យ តាមផែនការគ្រោងទុក៕