ព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៣ នៅម៉េម៉ូរីយ៉ា ផាឡេស និង រីសត ខេត្តប៉ៃលិន, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ជាមន្រ្តីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពជំនាញ នៃខេត្តប៉ៃលិន សំដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព។
ពិធីបើកវគ្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងគ្រូបង្គោល សិក្ខាកាមគោលដៅសរុបប្រមាណ ៩០ នាក់ ។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីបណ្តុះបណ្តាលនាពេលនេះ គឺជាកិច្ចការដ៏សំខាន់មួយ សម្រាប់ពង្រឹង ពង្រីក សមត្ថភាព និងលើកកម្ពស់ការយល់ដឹង ជួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញ ជាពិសេស មន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ដើម្បីឱ្យមាន សមត្ថភាពគ្រប់គ្រាន់ និង ស័ក្តិសមទៅនឹងការទទួលខុសត្រូវដែលកាន់តែខ្ពស់ជាងមុន របស់គ្រប់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការប្រើប្រាស់ និង ការគ្រប់គ្រងធនធានសាធារណៈ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅខេត្តប៉ៃលិននេះ និង សម្រាប់ចូលរួមចំណែកអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ជាពិសេស គឺ ដើម្បីគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ឱ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជាធរមាន និង ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព សំដៅបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាជន ឱ្យកាន់តែមានប្រសិទ្ធភាព និង ទាន់ពេលវេលា។ ហេតុដូច្នេះ វគ្គបណ្តុះបណ្តាល ដែលយើង កំពុងរៀបចំនៅពេលនេះ គឺពិតជាឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ខេត្តប៉ៃលិន ក្នុងការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចបាន ជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ បានលើកឡើងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការងារអាទិភាពមួយក្នុងចំណោមកម្មវិធីកែទម្រង់គន្លឹះៗរបស់រាជរដ្ឋាភិបាលដែលមានចក្ខុវិស័យ “ប្រែក្លាយប្រព័ន្ធថវិកាកម្ពុជាទៅជាប្រព័ន្ធផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ” ។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗ ហើយបច្ចុប្បន្ន បានឈានដល់ដំណាក់កាលទី ៤ ជាដំណាក់កាលចុងក្រោយ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ ។
ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា នៅដំណាក់កាលទី៤ នេះ, សិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និង មន្ទីរ អង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ។ ការណ៍នេះ ទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា តាមរយៈ វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែចូលរួមដល់ការគាំទ្រ និង ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង មូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ៕