(វៀតណាម)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ឥឡូវនេះមានមូលធននីយកម្មទីផ្សារខ្ពស់បំផុតទី ៣ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តពិភពលោក នៅពីក្រោយតែក្រុមហ៊ុន Tesla និងក្រុមហ៊ុន Toyota Motor របស់ជប៉ុនប៉ុណ្ណោះ ។បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ២០ ភាគរយនៅក្នុងទីផ្សារសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ហើយមូលធននីយកម្មទីផ្សារឈានដល់ ១៩១.២ ពាន់លានដុល្លារ ។
ទោះយ៉ាងណា សម្រាប់ប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះ នៅមិនទាន់ដំណើរការពេញលេញនៅឡើយទេ ប៉ុន្តែការរីកដុះដាលនៃរថយន្តអគ្គិសនីក្នុងទឹកដីអាមេរិក នាំឲ្យវិនិយោគិននាំគ្នាប្រញាប់ប្រញាល់ទិញភាគហ៊ុនជាច្រើន ។ទន្ទឹមនោះ យោងតាមទិន្នន័យអាជីវកម្ម FactSet បានឲ្យដឹងថា ក្រមហ៊ុន Tesla មានមូលធននីយកម្មទីផ្សារចំនួន ៧៦០ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៥ ខែសីហា និងក្រុមហ៊ុន Toyota មាន ២៧០ ពាន់លានដុល្លារ។ ដោយឡែក ក្នុងចំណោមក្រុមហ៊ុនផលិតធំៗផ្សេងទៀតដូចជា BYD របស់ចិន មានតម្លៃ ៩០ ពាន់លានដុល្លារ និង Volkswagen របស់អាល្លឺម៉ង់មានតម្លៃ ៧០ ពាន់លានដុល្លារ ។គួរឲ្យដឹងថា ក្រុមហ៊ុន VinFast បានឡើងផ្សារហ៊ុននៅអាមេរិក Nasdaq កាលពីពាក់កណ្តាលខែសីហា ហើយនៅថ្ងៃដំបូងនៃការជួញដូរ មូលធននីយកម្មទីផ្សាររបស់ខ្លួន ឡើងលើសក្រុមហ៊ុន General Motors និង Ford Motor ដែលបានបង្កើតឡើងជាយូរមកហើយនៅក្នុងទីផ្សាររបស់ពួកគេ ៕