ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកំណត់ទិសដៅការងារ នៃក្រសួងមុខងារសាធារណៈ។ នៅក្នុងឱនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានកំណត់ទិសដៅការងារនៃក្រសួងមុខងារសាធារណៈលើកដំបូង ក្នុងអាណត្តិទី៧ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខ ងារសារធារណៈទូទាំងរាជធានី- ខេត្ត សរុប ប្រមាណជាង ១.០០០នាក់។
ពិធីសំណេះសំណាលនេះដែរ ឯកឧត្តម បានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបសំណេះសំណាលនិងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ នាអាណត្តិកន្លងមក ក៏ដូចជាការកំណត់ទិសដៅការងារជាអាទិភាព ឆ្ពោះទៅមុខ សម្រាប់ក្រសួងមុខងារសាធារណៈ។ ក្នុងឱកាសដ៏ពិសេស នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានចាប់ផ្តើមប្រសាសន៍ ដោយការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែង លោកជារដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ សម្រាប់អាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ រំម្លឹកនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗកន្លងមកក្រោមការដឹកនាំក្រសួងគ្រប់ៗរូប និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានបំពេញការងារយ៉ាងសកម្ម ចាប់តាំងពីការកកើតស្ថាប័ននេះរហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី កំណត់បេសកកម្មចម្បងក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ មាន ៣ ចំណុច ដូចជា៖ (១) ការអនុវត្តចក្ខុវិស័យរបស់លោកកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, (២) ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និង(៣) ចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។ ដើម្បីសម្រេចបេសកកម្មខាងលើ វិធានការអាទិភាពជាគន្លឹះជាក់ស្តែង ទៅមុខ រួមមាន ៖ (១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធា រណៈ ដោយត្រូវផ្អែកលើ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (២) ការពង្រឹងសមត្ថភាព និងសមិទ្ធ កម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជា ជីវៈ ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព និង (៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕