រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់ទូរថភ្លើង ចាស់ទុកចោលសម្រាប់ឱ្យបុគ្គលិកស្នាក់នៅមួយកន្លែង បង្កឱ្យក្លាយជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតឆេះរាលដាលទៅដល់ទូរថភ្លើងថ្មីទៀត បណ្ដាលឱ្យរងការខូចខាតអស់មួយទូ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្ថានីយរថភ្លើង ក្នុងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទូរថភ្លើងដែលត្រូវអណ្ដាតភ្លើងឆាបឆេះនោះ គឺជាទូរថភ្លើងដែលក្រុមហ៊ុនទុកចោលឈប់ប្រើប្រាស់ និងទុកសម្រាប់ឱ្យបុគ្គលិកស្នាក់នៅផងដែរ។ ហើយចំពោះមូលហេតុនៃការឆាបឆេះវិញ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បាននៅឡើយទេ។ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញមានអណ្ដាតភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅពេញក្នុងទូរថភ្លើងចាស់នោះតែម្ដង ដោយបញ្ចេញផ្សែងហុយយ៉ាងខ្មួលខ្មាញ់ និងឆេះរាលដាលដល់ទូរថភ្លើងថ្មីទៀតផង បណ្តាលឱ្យឆេះអស់មួយទូរងការខូចខាត។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបញ្ចេញរ៉ឺម៉ក់ម៉ូតូដឹកទឹកមកជួយសង្គ្រោះបឋមភ្លាមៗ និងរាយការណ៍ប្រាប់នគរបាលបង្ការពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគន៍បាញ់ទឹកពន្លត់ភ្លាមៗឱ្យទាន់ពេលវេលាផងដែរ។ប្រភពដដែលបញ្ជាក់ថា ចំពោះមូលហេតុនៃការឆាបឆេះទូរថភ្លើងខាងលើនេះ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បាននៅឡើយទេ ហើយសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យ កំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុហើយ។