រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងលួ.ចលាក់ផលិត កែច្នៃ វេចខ្ចប់ ស្តុក និងចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះបង្ក្រាបឆែកឆេរនិងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក TOTAL និងម៉ាក TRA CHANG ប្រមាណជាង១២តោន ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន២នាក់ផងដែរ។សេចក្តីរាយការណ៍បន្តថា ការចុះបង្ក្រាបប្រេងម៉ាស៊ីនក្លែងក្លាយខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចទីតាំងឃ្លាំងមួយកន្លែង តាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងមូលដ្ឋានភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ប្រតិបត្តិការខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។បើតាមនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន «Tilleke & Gibbins (Cambodia) Ltd.» ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន «TotalEnergies» និងមានការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល០២ខែមកហើយ។តាមនគរបាលអោយដឹងបន្តថា ទីតាំងខាងលើនោះ បានលួ.ចលាក់ កែច្នៃ វេចខ្ចប់ ស្តុក និងចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងម៉ាក TRA CHANG ក្លែងក្លាយ។
ក្រោយពីធ្វើការឆែកឆេរ និងត្រួតពិនិត្យជាស់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន មានដូចជា ៖ សំបកពុយ, សំបកធុង, សំបកកេស, សំបកដប, តែមប្រិ៍, ស្ទ័គឃ័រ រួមនឹងឧបករណ៍សម្រាប់ច្រកចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចហើយប្រមាណជិត៣០០កេស ដែលសរុបទាំងអស់ប្រមាណជាង១២តោន។ តាមសមត្ថកិច្ចអោយដឹងទៀតថា បន្ទាប់ពីបានត្រួតពិនិត្យចប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ចធ្វើការដកហូតសម្ភារៈទាំងអស់ខាងលើ យកទៅរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារៈនៃទីតាំងខាងលើ និងបិទឃ្លុំបេរ ផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តទៀត។ ដោយឡែកចំពោះម្ចាស់ទីតាំងទាំង២នាក់ (ក្នុងនោះស្រីម្នាក់ និងប្រុសម្នាក់) ត្រូវបានសមត្ថកិច្ចអញ្ជើញទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីតាមច្បាប់៕