ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត និង ត្រួតពិនិត្យវឌ្ឍនភាព ផែនការប្រតិបត្តិគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ ក្នុងខេត្តប៉ៃលិន សម្រាប់ ៩ខែ (ពីខែតុលា ឆ្នាំ២០២២ ដល់ខែ មិថុនា ឆ្នាំ២០២៣) នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោក វេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ ២០២៥ ខណៈដែលមកដល់បច្ចុប្បន្ន ករណីជំងឺគ្រុនចាញ់មានចំនួនថយ ចុះគួរឲ្យកត់សម្គាល់ ។ជាក់ស្ដែងសម្រាប់ត្រីមាសទី១ និង ទី២ ឆ្នាំ ២០២៣ នេះ ខេត្តប៉ៃលិនមានករណីគ្រុនចាញ់ មានតែ១ករណីប៉ុណ្ណោះ ហើយក្នុងនោះគឺបានជាសះស្បើយទាំងអស់ផងដែរ ។ ដូច្នេះរាជរដ្ឋាភិបាលសង្ឃឹម និងជឿជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ ច្បាស់ជាលុបបំបាត់បានជាក់ជាមិនខាន ហើយខេត្តប៉ៃលិននឹងលុបបំបាត់ជម្ងឺគ្រុនចាញ់អោយអស់មុនគេនៅមុនឆ្នាំ២០២៥ ផងដែរ។
លោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្តបានអោយដឹងថា ជារៀងរាល់ឆ្នាំក្រសួងសុខាភិបាល បានជំរុញដល់គ្រប់មន្ទីរសុខាភិបាលរាជធានី ខេត្ត ជាពិសេសក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ខេត្តធ្វើការអន្តរាគមន៍បន្ទាន់ទៅនឹងជំងឺគ្រុនចាញ់ ដោយវិធីតេស្ត និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីធានានូវប្រសិទ្ឋភាព និងគុណភាពការងារឈានទៅសម្រេចបានជោគជ័យនៃយុទ្ឋសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នា២០២៥ ។ លោកក៏បានជំរុញដល់ក្រុមការងារពិសេសថ្នាក់ខេត្ត បន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងបំផុសលើកទឹកចិត្ត ចលនាចូលរួមរបស់ប្រជាជនក្នុងការអនុវត្តសកម្មភាព លុបបំបាត់ប្រភព កកើតសត្វមូស ដង្កូវទឹក អនាម័យបរិស្ថាន និង ត្រូវស្វែងរកសេវាពិនិត្យពិគ្រោះ និង ព្យាបាលជំងឺឲ្យបាន ត្រឹមត្រូវទាន់ពេលវេលា នៅមូលដ្ឋានសុខាភិបាលសាធារណៈដូចជា មណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក ដែល នៅ ជិតលំនៅដ្ឋានបំផុត ដើម្បីកាត់បន្ថយ អត្រាឈឺ និងស្លាប់ ដោយសារជំងឺគ្រុនចាញ់ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។
ក្នុងឱកាសនោះដែរ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការប្ដេជ្ញាចិត្ដលុបបំបាត់ជំងឺគ្រុនចាញ់នេះ ត្រូវបានជំរុញលើកទឹកចិត្ដដោយថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តផងដែរ។ ជាមួយគ្នានោះក៏ទាមទារឱ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ មានការសម្របសម្រួលរវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹងដៃគូអភិវឌ្ឍន៍នានា មន្ទីរសុខាភិបាល ដើម្បីសម្រេចតាមគោលដៅដែលបានកំណត់។ លោក អភិបាលរងខេត្ត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅ លុបបំបាត់ ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម ឲ្យអស់នៅកម្ពុជា និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ វីវ៉ាក់ នៅឆ្នាំ ២០២៥ ដូចនេះ យើងត្រូវពិនិត្យ និង តាមដានជាប្រចាំពិនិត្យនូវនិន្នាការនៃជំងឺបើឃើញមានអត្រាកើនឡើងយើងត្រូវ រិះរកយុទ្ឋសាស្ត្រថ្មី និងរួមគ្នាដោះស្រាយ ដើម្បីឈានទៅលុបបំបាត់ ជំងឺគ្រុនចាញ់តាមការកំណត់ប្រកបដោយប្រសិទ្ឋភាព និង ទទួល បានលទ្ឋផលគាប់ប្រសើរ ។ ដូច្នេះតាមរយៈនេះសុំឲ្យក្រុមការងារពិសេស ថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ត្រូវចូលរួមពិនិត្យលើការងារអនុវត្តកន្លងមករបស់យើង ថាតើនៅមានសេសសល់ចំណុចណាខ្លះដែលអនុវត្តមិនទាន់បាន រលូន និងបានជួបបញ្ហាប្រឈម និង ភាពងាយស្រួល ដូចម្តេចខ្លះគួរនាំគ្នាលើកយកមកបើកបង្ហាញឱ្យអស់ដើម្បី រួមគ្នា រិះរក វិធីសាស្ត្រដោះស្រាយ ៕