(សហប្រជាជាតិ)៖ ប្រទេសកូរ៉េខាងជើងត្រូវបានចោទប្រកាន់ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា បានចំណាយលុយកាក់ច្រើនទៅលើតែកម្មវិធីអាវុធបរមាណូ ស្របពេលដែលប្រជាពលរដ្ឋរបស់ខ្លួនកំពុងតែមានភាពអាត់ខាត់ស្បៀងអាហារខ្លំាង ដែលជាតម្រូវការមូលដ្ឋានចំាបាច់។
លោក វ៉ុលគ័រ តួក ជាឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្លែងប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានឆ្លងកាត់បទពិសោធន៍សម្ពាធនយោបាយធ្ងន់ធ្ងរ បង្កឱ្យមានស្ថានភាពសេដ្ឋកិច្ចដុនដាប និងជាហេតុនំាឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាលក្ខណៈប្រព័ន្ធនៅក្នុងប្រទេស។ លោកបានលើកឡើងបន្តទៀតថា ការរំលោភបំពានភាគច្រើនផ្តើមចេញពីសកម្មភាពយោធារបស់ប្រទេសកូរ៉េខាងជើង មានដូចជាបង្ខំឱ្យធ្វើការងារធ្ងនន់ធ្ងរ ជាពិសេសលើកុមារ ក្នុងគោលដៅដើម្បីបំពេញមហិច្ឆតាផលិតអាវុធជាដើម។ ការលើកឡើងនេះ បានធ្វើនៅចំពោះមុខកិច្ចប្រជុំមួយដែលមានក្រុមអ្នកការទូតមកពីប្រទេសច្រើនជាង៥០នៅជុំវិញពិភពលោក ដោយដាក់ការស្តីបន្ទោសថា ការចំណាយថវិកាច្រើនទៅលើការផលិតអាវុធរបស់កូរ៉េខាងជើង បង្កឱ្យប្រជាពលរដ្ឋជួបនូវគ្រោះទុរ្ភិក្ស មិនមានស្បៀងអាហារគ្រប់គ្រាន់។
ដោយឡែកអ្នករាយការណ៍ពិសេសនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីកូរ៉េខាងជើង ឈ្មោះ អាលីហ្សាប៊ែត សាលម៉ុន(Elizabeth Salmon)វិញបានលើកឡើងដែរថា ការបិទប្រទេសរយៈពេលយូរជាពិសេសតាមព្រំដែន និងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក៏ជាមូលហេតុនំាឱ្យមានការលំបាកដល់ប្រជាពលរដ្ឋផងដែរ។ ទីភ្នាក់ងារសារព័ត៌មានបារំាង អាអេហ្វប៉េ(AFP)បានជួបសម្ភាសន៍ជាមួយនឹងអ្នកផ្តាច់ខ្លួនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ អ៊ីលយុក គីម(Ilhyeok Kim) បាននិយាយថា រូបគាត់ត្រូវគេបង្ខំឱ្យទៅធ្វើការងារតំាងពីនៅវ័យកុមារភាពនៅតាមការដ្ឋាន ដោយគ្មានសំណងត្រឡប់មកវិញឡើយ។ លោកបានបន្តទៀតថា លុយដែលរដ្ឋចំណាយលើការផលិតអាវុធ ស្មើនឹងទុកចិញ្ចឹមយើងបានរហូតដល់ទៅ៣ខែឯណោះ៕