(កីឡា)៖ បេក្ខភាពកក់កៅអីវគ្គបន្ដ សម្រាប់ពូលB នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ បានបន្ថែមពិន្ទុរៀងៗខ្លួន ក្នុងការប្រកួតសប្ដាហ៍ទី១៦ ជើងទី២ ក្នុងនោះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្ដកណ្ដាល ៥-២ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម រកបាន ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចុងក្រោយក្នុងពូលរបស់ខ្លួន ក្រោយប្រកួតស្មើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ២-២ កាលពីល្ងាចថ្ងៃទី១៦ ខែសីហាម្សិលមិញ ។
ជ័យជម្នះរបស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានធ្វើឲ្យពួកគេ បន្ដកំណត់ត្រាឈ្នះ ៧ប្រកួតជាប់ៗគ្នា ដោយមិនទាន់ស្គាល់ស្មើ ឬចាញ់ម្ដងឡើយ ។ ចំពោះគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួតទី៧ នេះដែរ ធ្វើសម្រេចដោយកីឡាករ ស្លេះទ័រ រ៉ម៉ាន ២គ្រាប់ នៅនាទី១៩ និងនាទី៦៣ និងមិត្តរួមក្រុម កើ ហ្វីន រកបាន ៣គ្រាប់ នៅនាទី៥៨, ៨៧ និងនាទី៩០+១ ។ ចំណែក ២គ្រាប់របស់ខេត្តកណ្ដាល បញ្ចប់ទីដោយកីឡាករ ឡាយ ស៊ីយុទ្ធ និងកីឡាករ ពុធ ក្រីយ៉ា នៅក្នុងទី១ ដូចគ្នា ។
ដោយឡែកការប្រកួតបញ្ចប់ពូលB របស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បន្ទាប់ពីបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីនាទីទី៥ ដែលធ្វើសម្រេចដោយកីឡាករ ស្មាន រ៉ូសាវី ក៏ត្រូវបានកីឡាករ ទួន នី រកបានគ្រាប់តាមស្មើឲ្យខេត្តកំពង់ឆ្នាំងវិញ នៅនាទី៣២ ។ លុះចូលវគ្គទី២ ក្រុមទាំងពីរ ក៏បានបន្ថែម ១គ្រាប់ម្នាក់ទៀត នៅចុងម៉ោង ដែលគ្រាប់ទី២ របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ ប៉ុន ស៊ីបប្រី នៅនាទី៨៥ ខណៈគ្រាប់ទី២ របស់ខេត្តកំពង់ឆ្នាំង ធ្វើសម្រេចដោយកីឡាករ ទួន នី ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រដូចគ្នា ។
យ៉ាងណាមិញ ការប្រកួតសេសសល់ក្នុងពូល B នេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ បន្ទាប់ពីរកឃើញបេក្ខភាពឡើងវគ្គបន្ដ គឺក្រុមកំពូលតារាង ខេត្តត្បូងឃ្មុំ ដែលរកបាន ២១ពិន្ទុពេញ និងខេត្តកំពង់ចាម ដែលរកបាន ១៦ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ ៥ ស្មើ១ និងចាញ់ ២ប្រកួត មុនក្រុមទាំងពីរ ត្រូវដឹកដៃគ្នាឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នាពេលខាងមុខ ៕