(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ ក្នុង និងសមុទ្រជុំវិញ ដោយមានផ្ទៃសរុប៥២.៤៤៨ហិកតា បង្កើតជាឧទ្យានសមុទ្រកោះរ៉ុង ដើម្បីធានាការ ថែរក្សា និងការពារសោភ័ណភាពធម្មជាតិ និងជីវៈចម្រុះ។ យោងតាមអនុក្រឹត្យ ដែលអ្នកសារព័ត៌មាន ទទួលបាននាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ការដែលរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យបង្កើតជាឧទ្យាជាតិសមុទ្រកោះរ៉ុងនេះឡើង គឺមាន គោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ, ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារ និងការអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, និងលើកកម្ពស់គ្រប់គ្រង ការការពារ និង ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។ តាមអនុក្រឹត្យរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងឧទ្យានជាតិសមុទ្យកោះរ៉ុង ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ និង ខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកប ដោយនិរន្តរភាព។ ជាមួយគ្នានោះក្រសួងបរិស្ថានត្រូវកំណត់ និងបែងចែក ដើម្បីការកាត់ឆ្វៀលផ្ទៃដីនិវិយោគ ដីលំនៅដ្ឋាន ដីស្រែ-ចំការ និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យាន ជាតិសមុទ្រកោះរ៉ុង ដោយអនុលោមតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិផងដែរ។ ទាក់ទងនឹងការបង្កើតឧទ្យាជាតិសមុទ្រកោះរ៉ុងនេះ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងរដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីចុះហត្ថលេខានេះតទៅផងដែរ៕