(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអន្តរស្ថាប័នផ្សេងទៀត បានបើកកិច្ចប្រជុំជាមួយអង្គការសហប្រជាជាតិ(UN) ក្នុងគោលបំណងរកវិធីដោះស្រាយពាក់ព័ន្ធនឹងការបំផ្លាញចោលនូវគ្រឿងញៀន ឬសារធាតុញៀន ដើម្បីធ្វើយ៉ាងណាពេលដែលកំទេចចោល កុំឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់មនុស្ស ជាដើមនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយសម្រាកពីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះអាជ្ញាធរកម្ពុជាបានរឹបអូសគ្រឿងញៀនពីឧក្រឹដ្ឋជនបានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយបន្ទាប់ពីរឹបអូសបានច្រើននេះ កម្ពុជាក៏ដូចជាអង្គការសហប្រជាជាតិក៏មានការព្រួយបារម្ភផងដែរ ពេលធ្វើការកំទេចចោលដោយភ័យខ្លាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈរបស់មនុស្ស។
ដូច្នេះការជួបប្រជុំនេះនេះ ដើម្បីរិះរកមធ្យោបាយធ្វើការយ៉ាងណាពេលដែលកំទេចចោលនោះកុំឲ្យមានហានិភ័យចំពោះបរិស្ថាន។ ឯកឧត្តម មាស វិរិទ្ធ បានបញ្ជាក់ថា«នាពេលកន្លងមកយើងតែងតែជួបប្រទះនឹងការទិះទៀន និងលើកឡើងថា ការដុតបំផ្លាញគ្រឿងញៀនវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន អាចប៉ះពាល់ដល់សុខភាព ឬអាយុ ជីវិត មនុស្ស សត្វជាដើម។ ជាក់ស្តែងថ្មីៗនេះការចាប់យកសារធាតុញៀន ឬគ្រឿងញៀននាពេលកន្លងមកគឺវាមានបរិមាណច្រើន ហើយការដុតវាក៏ច្រើន ដូច្នេះវាក៏មានបញ្ហាច្រើន។ ដូច្នេះយើងខិតខំរកវិធានការថ្មី បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការបំផ្លាញសារធាតុញៀននោះវាមានសុវត្ថិភាព ទាំងការបំផ្លាញដោយ ដុត ទាំងការបំផ្លាញតាមវិធីបន្សាប ការបំផ្លាញការកបចោល គឺឲ្យវាស្របទៅតាម និយាមជាសកលឲ្យស្រប ទៅតាមអនុសាសន៍ផ្សេងៗ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីឧក្រឹដ្ឋកម្មគ្រប់គ្រងគ្រឿងញៀននេះ។
សូមបញ្ជាក់ថា បើតាមឯកឧត្តម មាស វិរិទ្ធ បានឲ្យដឹងថា រយៈពេល២២៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀន រួមសហកាគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ចាប់បានសារធាតុញៀនជិតពីរតោនកន្លះ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១១៣៦៥នាក់ ខណៈជាងពីរពាន់នាក់បញ្ជូនទៅកាន់តុលាការ៕