(ភ្នំពេញ)៖ ក្រុមគណៈប្រតិភូសភាពាណិជ្ជកម្មថៃ បានសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា ខណៈគិតត្រឹមរយៈពេល ៦ខែឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១,៩ពាន់លានដុល្លារអាមេរិក។
ប្រភពពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ បានជំរាបជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ។ លោកបានបន្តថា ទស្សនកិច្ចលើកនេះដែរ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។ លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ធុរជនថៃមកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តម បានបន្ថែមថា កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរថែមទៀតផង។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនភ្ញៀវបន្តថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនពីជុំវិញពិភពលោក ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ ហើយឯកឧត្តម សូមស្វាគមន៍អ្នកទាំងអស់គ្នាដែលមកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា ដែលកិច្ចប្រជុំថ្ងៃនេះនឹងផ្តល់ឱ្យនូវឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីអាជីវកម្ម និងឱកាសវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអារ៉ាប់រួម។ នេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលផ្តល់ដោយកិច្ចព្រមព្រៀងទាំងនោះ។
ឯកឧត្តមបន្តទៀតថា កម្ពុជាផ្តល់ឱកាសកំណើនរយៈពេលវែងនៅទូទាំងវិស័យជាច្រើន ហើយមានទីតាំងល្អជាមជ្ឈមណ្ឌលសក្តានុពលសម្រាប់អាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ ដោយពិចារណាលើកត្តាសំខាន់ៗមួយចំនួន ដូចជា ទីតាំងយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង និងថាមពល ការទទួលបានទីផ្សារដ៏ធំតាមរយៈ GSP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩លានដុល្លារអាមេរិក និងថៃនាំចេញមកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារអាមេរិក៕