(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានលលើកឡើងថា ចាប់ពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោត២០២៣ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន១៨លើករួចមកហើយ។ ការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។
សម្ដេចក្រឡាហោម ស ខេង បានលេីកឡេីងដូចនេះ ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ក៏បានបង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។ នៅក្រោយការបោះឆ្នោត២០២៣តំណាងគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោត និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីបរិយាកាសយ៉ាងល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងថា ការបោះឆ្នោតនេះមានសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ មានតម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ។
ការវាយតម្លៃនេះ ជាសូចនាករវាយតម្លៃការបោះឆ្នោត និងជាសមិទ្ធផលថ្មីមទួយទៀតនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សមិទ្ធផលទាំងអស់នេះ កើតឡើងអាស្រ័យដោយគ្រប់ភាគីបានខិតខំរួមគ្នាកែលម្អរដំណើរការបោះឆ្នោត ទាំងក្របខណ្ឌច្បាប់ និងបច្ចេកទេស ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយដោយឈរលើមូលដ្ឋាននៃការប្រមូលអនុសាសន៍ ធាតុចូល ការតាំងចិត្ត និងចូលរួមដោយស្មោះស ពីគ្រប់ភាគី ដើម្បីរួមគ្នាលើកម្ពស់ដំណើរការបោះឆ្នោត។ សម្ដេចបានមានប្រសាសន៍ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោយចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស។ លទ្ធផលផ្លូវការ ត្រូវបាបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានចំនួន៥អាសនៈ ក្នុងចំណោមអាសនៈសភាសរុបចំនួន១២៥។ រដ្ឋសភាបានប្រកាសបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងផ្ដល់សេចក្ដីទុកចិត្តរាជរដ្ឋាភិបាលនីតិកាលថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
កម្ពុជាបានរៀបចំការបោះឆ្នោតនីតិកាលទី១ ដោយអង្គការសហប្រជាតិកាលពីឆ្នាំ១៩៩៣ និងបានរៀបចំការបោះឆ្នោតដោយខ្លួនឯង នៅនីតិកាលទី២ ឆ្នាំ១៩៩៨។ កម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៧លើកហើយ និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៥លើករួចមកហើយ។ ក្រៅពីនេះក៏មានការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងដោយអសាកលផងដែរ។ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាជម្រើសតែមួយគត់ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំងបញ្ចៀសបានទាំងស្រុងនូវសង្គ្រាម និងការបែកបាក់ជាតិ៕