(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឆ្លើយឆ្លងគ្នាតាមសំបុត្រនាថ្ងៃអង្គារ សប្ដាហ៍នេះ ដោយសន្យាថា នឹងអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេទៅជាអ្វីដែលលោក Kim ហៅថាជា «ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។
ការឆ្លើយឆ្លងតាមលិខិតទាំងនោះ ធ្វើឡើងនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េពីអាណានិគមជប៉ុន ឆ្នាំ១៩១០-១៩៤៥ ដែលការរំលឹកខួបនេះត្រូវបានគេប្រារព្ធជាថ្ងៃបុណ្យជាតិក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ KCNA បានឲ្យដឹងថា នៅក្នុងសំបុត្ររបស់លោក គីម ផ្ញើទៅកាន់លោក ពូទីន បាននិយាយថា «មិត្តភាពរបស់ប្រទេសទាំង២ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ កំពុងបង្ហាញយ៉ាងច្បាស់ថា ពួកយើងទាំង២ អាចនៅក្នុងការតស៊ូដើម្បីកម្ទេចការអនុវត្តតាមអំពើចិត្ត និងអនុត្តរភាពរបស់ចក្រពត្តិនិយម»។ លោក Kim ត្រូវបានទីភ្នាក់ងារព័ត៌មានដកស្រង់សម្តីដែលបាននិយាយនៅក្នុងលិខិតនោះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព… នឹងត្រូវបានអភិវឌ្ឍបន្ថែមទៀតទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី។ ប្រទេសទាំង២ នឹងតែងតែទទួលបានជ័យជំនះ ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹង និងសហការគ្នាយ៉ាងមុតមាំក្នុងដំណើរសម្រេចបាននូវគោលដៅ និងបុព្វហេតុរួម»។
ទាក់ទិននឹងបញ្ហានេះ សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន រួមទាំងកាំភ្លើងធំ គ្រាប់រ៉ុក្កែតបាញ់ស្មា និងមីស៊ីលជាច្រើន។ ប៉ុន្ដែថ្វីបើមានការចោទប្រកាន់យ៉ាងណាក្ដី ក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូបានបដិសេធរាល់ប្រតិបត្តិការផ្ដល់អាវុធនានា។កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានឈរក្បែរគ្នាជាមួយលោក Kim នៅពេលដែលពួកគេបានពិនិត្យមើលមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីបំផុត និងយន្តហោះគ្មានមនុស្សបើកនៅឯព្យុហយាត្រាយោធាក្នុងទីក្រុងព្យុងយ៉ាង។ យោងតាម KCNA លោក Putin បាននិយាយថា «ខ្ញុំប្រាកដថា យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំង២ និងស្ថិរភាព រួមទាំងសន្តិសុខដ៏រឹងមាំនៃឧបទ្វីបកូរ៉េ និងអាស៊ីឦសានទាំងមូល»៕