រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបរផាសអាប់ (Pass App) បញ្ច្រាស់ទិសដៅចរាចរណ៍ ហើយគំរាមរកវាយប្រជាពលរដ្ឋថែមទៀតនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបានហើយ នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងស្រុកខ្សាច់កណ្ដាល ប៉ុន្តែដោយហេតុការណ៍នេះកើតឡើងនៅរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចខេត្តកណ្ដាល កំពុងរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វិញ ដើម្បីចាត់ការបន្ត ។បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វើការស្រាវជ្រាវ រកអ្នកបើកបរម៉ូតូកង់បី បញ្ច្រាសទិស ដែលមានបំណងប្រើដែកទីប វាយមកលើអ្នកបើកបររថយន្តនោះឲ្យឃើញ ។ដោយអនុវត្តតាមបទបញ្ជា កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប់) ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នា រវាងអ្នកបើកបរកង់បីឥណ្ឌាជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌា មានបំណងប្រើប្រាស់ដែកទីបវាយ ទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ។កម្លាំងចម្រុះបានធ្វើការសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌា (ផាសអាប់)ខាងលើ ដើម្បីយកមកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ហើយ ៕