(កំពង់ចាម)៖ បច្ចុប្បន្ននេះ មុខរបរឡើងដើមត្នោតធ្វើស្ករលក់ នៅតែមានប្រជាសិករតាមតំបន់ស្រុកស្រែជនបទមួយចំនួនបន្តធ្វើ បន្ទាប់ពីពួកគាត់ទំនេរពីការធ្វើស្រែចំការ។ លោក កែម សៀន ប្រជាកសិករឡើងត្នោតធ្វើស្ករលក់ ស្ថិតនៅ ភូមិផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏នៅតែប្រកបមុខរបរនេះដែរ។លោក កែម សៀន បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា លោកប្រកបមុខរបរឡើងត្នោតដើម្បីធ្វើស្ករលក់ នេះ បន្តពីដូនតារបស់លោក។
លោកបន្ថែមទៀតថា លោកជ្រើសរើសមុខរបរឡើងដើមត្នោតធ្វើស្ករលក់នេះ ប្រហែលជាង ១៧ ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ លោក ត្រូវឡើងដើមត្នោតចំនួន ២០ដើម ហើយទឹកត្នោតដែលទទួលបានពីការឡើងនេះ មានចំនួនប្រមាណ ៥០លីត្រ ជារៀងរាល់ថ្ងៃ។ក្រៅពីនេះ នៅពេលដែលទទួលបានទឹកត្នោតពីដើមហើយ លោកក៏បន្តយកទឹកត្នោតមកផ្ទះដើម្បីរំងាស់ទឹកត្នោត ធ្វើជាស្ករត្នោតលក់ ដោយក្នុងមួយថ្ងៃលោកទទួលបានស្ករត្នោត ចន្លោះពី ១០ គីឡូក្រាម ទៅ ១៥ គីឡូក្រាម។
បច្ចុប្បន្នស្ករត្នោត ១គីឡូក្រាម អាចលក់បានក្នុងតម្លៃ ៦០០០ រៀល ទៅ ៨០០០ រៀល។លោក កែម សៀន បានបញ្ជាក់ទៀតថា មុខរបរឡើងត្នោតទោះបីជានឿយហត់ខ្លាំង និងប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ តែលោកនៅតែធ្វើវា ព្រោះមុខរបរឡើងត្នោតនេះ អាចចិញ្ចឹមជីវិតលោក និងសមាជិកគ្រួសាររបស់លោក ប្រមាណ ៨ នាក់ទៀតផងដែរ។លោកបន្តទៀតថា ក្រៅពីមុខរបរឡើងដើមត្នោតរំងាស់ស្ករ លោកក៏ឆ្លៀតធ្វើស្រែ ចិញ្ចឹមគោ ដាំដំណាំ បន្តិចបន្តួចទៀត ដើម្បីផ្សំគ្នា គ្រាន់បានប្រាក់បន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបន្តការសិក្សារបស់កូនៗ របស់គាត់ឲ្យបានរៀនសូត្រចេះដឹង ទៅថ្ងៃអនាគត៕