(ភ្នំពេញ)៖កម្ពុជា បាននាំចេញទំនិញទៅប្រទេសសិង្ហបុរីសម្រេចបានទឹកប្រាក់ប្រមាណជាង ៤៤៨លានដុល្លារ រយៈពេល ៧ខែ ឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៦៨លានដុល្លារប៉ុណ្ណោះ ពោលគឺមានការកើនឡើងជាង ៥៥៤ភាគរយ ។ នេះបើតាមតារាងរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។បើតាមរបាយការណ៍ដដែល សម្រាប់ខែកក្កដា ការនាំចេញរបស់កម្ពុជា ទៅសិង្ហបុរីសម្រេចបានជាង ៣៣លានដុល្លារ កើនឡើង ១.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៦លានដុល្លារ។ ចំពោះទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅសិង្ហបុរីភាគច្រើនជាផលិតផលកសិកម្ម និងក្រៅពីនេះ ក៏មានផលិតផលវាយនភណ្ឌ ស្បែកជើង គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីលោហៈ និងរ៉ែ។ ចំណែកកម្ពុជា នាំចូលទំនិញពីសិង្ហបុរី រួមមានគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក ផលិតផលធ្វើពីក្រដាស ប្លាស្ទិក ផលិតផលខូស្មិចទិក និងសម្ភារៈបន្ទប់ទឹកជាដើម។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។
ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹង និងរីកចម្រើនជាបន្តបន្ទាប់។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងកន្លងមកថា បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលបានប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ៕