ជាទូទៅ អាណាព្យាបាលតែងមានមន្ទិលថា នៅពេលដែលកូនគាត់ត្រូវឆ្មាខ្វាច គួរចាក់វ៉ាក់សាំងឬអត់ ដោយសារតែពួកគាត់យល់ថា វាគ្រាន់តែជារបួសសើរស្បែក អាចសម្អាតដោយអាល់កុល ឬថ្នាំរួច លែងជាបញ្ហា ប៉ុន្តែលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពេទ្យជំនាញព្យាបាលជំងឺទូទៅ បញ្ជាក់ថា ត្រូវតែចាក់វ៉ាក់សាំងការពារឱ្យគ្រប់ដូស តាមស្ថានភាពអ្នកជំងឺ ដោយស្វែងរកការព្យាបាលជាមួយពេទ្យជំនាញត្រឹមត្រូវ។
កន្លងមក មានអ្នកស្លាប់ដោយសារតែឆ្មា និងឆ្កែច្រើនករណីមកហើយ ព្រោះតែធ្វេសប្រហែសពីការព្យាបាល ដោយយល់ថា ជារបួសសើរស្បែកធម្មតា។ ឯខ្លះទៀត បានចាក់វ៉ាក់សាំងហើយ នៅតែបាត់បង់ជីវិត ក៏ព្រោះតែមិនបានចាក់វ៉ាក់សាំងការពារបានត្រឹមត្រូវ ជាមួយពេទ្យជំនាញ។
គួររំលឹកថា កាលពីឆ្នាំ២០១៩ ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិតបន្ទាប់ពីឆ្មាខ្វាចបានជាង ១ខែ ។ តាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅពេលនោះ បានឱ្យដឹងថា ក្មេងស្រីរូបនោះ ត្រូវឆ្មាខ្វាចនៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ក្រោយមកនៅថ្ងៃទី១២ ខែកុម្ភៈ នាងក៏ចាប់ផ្តើមឈឺធ្ងន់ កំដៅឡើងខ្លាំង មានប្រកាច់ម្តងៗ ខ្លាចទឹក និងខ្លាចពន្លឺ ។ បើទោះបីជាក្រុមគ្រួសារព្យាយាមស្វែងរកការសង្គ្រោះ ទាំងបញ្ជូនទៅវៀតណាម និងត្រឡប់មករកពេទ្យជំនាញនៅកម្ពុជាវិញយ៉ាងណា ក៏ក្មេងស្រីរូបនោះ ហួសពេលដែលអាចសង្គ្រោះបានទៅហើយ។
ដោយឡែក ដើម្បីការពារការឆ្លងជំងឺពីសត្វ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពន្យល់ថា អ្វីដែលគួរធ្វើ គឺមិនត្រូវចិញ្ចឹមសត្វ ពាសវាសពាសកាល និងត្រូវចាក់វ៉ាក់សាំងការពារឱ្យសត្វចិញ្ចឹម។ លើសពីនេះ គឺត្រូវចាក់វ៉ាក់សាំងការពារចំពោះខ្លួនឯង ដើម្បីការពារគ្រោះថ្នាក់ធ្ងន់ធ្ងរពីការចម្លង ព្រោះថា មិនមែនឱ្យតែសត្វខាំហើយ ចាក់វ៉ាក់សាំង គឺបញ្ចប់បញ្ហានោះទេ។
ក្នុងចំណោមករណីជាច្រើន មានករណីមួយដែលកើតលើក្មេងប្រុសម្នាក់ បន្ទាប់ពីចាក់វ៉ាក់សាំងបាន ២ដងហើយ ស្រាប់តែមានអាការៈវង្វេង កាយវិការចម្លែកៗ និងព្រុសដូចសត្វសុនខ។ ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ធ្លាប់បានបញ្ជាក់ថា “ករណីឆ្កែខាំ របួសធំ របួសជ្រៅ របួសច្រើនកន្លែង ខាំចំបរវេណក និងមុខ ចាក់វ៉ាក់សាំងតែមួយមុខ មិនអាចការពារបានទេ គឺទាល់តែចាក់ Immunoglobulin ថែមទៀត (ចាក់ជុំវិញរបួស និងចាក់ស្មា)។ លោកបន្ថែមថា អ្វីដែលអាចការពារបានល្អបំផុត គឺចាក់វ៉ាក់សាំងមុនសត្វខាំ។
វេជ្ជបណ្ឌិតរូបនេះ គូសបញ្ជាក់ថា ដើម្បីកាត់បន្ថយ ឬលុបបំបាត់ជំងឺឆ្កែឆ្កួតនេះ ត្រូវការពារដោយចាក់វ៉ាក់សាំងមនុស្ស និងសត្វឱ្យបានគ្រប់ចំនួន និងកុំចិញ្ចឹមសត្វប្រលែងពាសវាលពាសកាល បើឆ្កែនោះមិនបានចាក់វ៉ាក់សាំងការពារ។
បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពីមុន ប្រជាពលរដ្ឋ និងគ្រូពេទ្យនៅតាមជនបទ មានការយល់ដឹងទាបពីជំងឺនេះ ពេលឆ្កែ ឬឆ្មាខាំ ពួកគាត់បែរជាទៅចាក់វ៉ាក់សាំងតេតាណុសទៅវិញ ដោយមិនបានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត៕