(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែសីហានេះ បាន ជម្រាបជូនសាធារណជនថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីវ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម្ល៉េះ។ ម្ចាស់អាជីវកម្មបានធ្វើ កិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីរ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ហើយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរចំពោះរដ្ឋបាលជលផល ដែលបានចាត់វិធានការទាន់ពេលវេលា និងសូមអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទ ត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាននោះឡើយ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀត យកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ដើម្បីចាត់វិធានការសមស្រប។ ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត៕