ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធ.ត់មួយបានកើតឡើង ដោយសារតែអ្នកបើកបរងោ.កមួយភាំងធ្វើឱ្យរថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្តរួញចូលគ្នា និងធ្វើឱ្យមនុស្សប្រុស-ស្រីចំនួន១១នាក់រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៩-៩០ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក HIGHLANDER មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2AK-8914 បើកបរដោយឈ្មោះ ប៊ុន សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង ដោយបើកបរក្នុងទិសដៅពីលិចទៅកើត។សមត្ថកិច្ច បានឱ្យដឹងបន្តថា លុះពេលបើកមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពងងុយដេកពេក អ្នកបើករថយន្តក៏ងោកមួយភាំង បណ្ដាលឱ្យរថយន្តរេចង្កូតជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AN-5630 បើកបរដោយឈ្មោះ ចឹក សាមន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឱ្យមនុស្សដែលជិះក្នុងរថយន្តទាំង២គ្រឿង សរុបចំនួន១១នាក់ រងរបួសធ្ងន់ និងស្រាល រីឯរថយន្តទាំងសងខាង ក៏រងការខូចខាតយ៉ាងដំណំផងដែរ។ក្រោយពេលកើតហេតុ សមត្ថកិច្ចស្រុកកំពង់ត្របែក ក៏បានចុះមកជួយអន្តរាគមន៍ភ្លាមៗ ហើយស្ទូចយករថយន្តទាំង២គ្រឿងចេញពីថ្នល់ រួចដឹកយកទៅរក្សាទុក និងបានហៅរថយន្តសង្គ្រោះមកដឹកយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។