ប៉ៃលិន៖ នាព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញផ្តល់ភ្លើងបូជាសព លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត នៅវត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ,ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត និង លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ មន្រ្តីរាជការក្នុងខេត្ត ព្រមទាំងញាតិមិត្តជិតឆ្ងាយជាច្រើននាក់ផងដែរ។
លោកជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្តុកក្តួល និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ទឹម សុធីម ជាស្វាមីដ៏ឧតុង្គឧត្តម និងជាឪពុក ជាកូនដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ហើយចំពោះការបាត់បង់លោក ទឹម សុធីម គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អមួយរូប ដែលធ្លាប់មានស្នាដៃ គុណសម្បត្តិយ៉ាងច្រើនក្នុងការបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិន ជាច្រើនកន្លងមក ម្យ៉ាងវិញទៀតចំពោះការដឹកនាំរបស់លោកនៅមន្ទីរផែនការខេត្ត គឺមានការគោរពស្រលាញ់ពីថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ដោយលោកបានលះបង់កំលាំងកាយចិត្ត ពេលវេលា និងមានសាមគ្គីភាព ជាពិសេសទឹកចិត្តដ៏ប្រពៃក្នុងការងារ និងគ្រួសារផងដែរ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាម រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់គ្នា សូមចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ទឹម សុធីម និងសូមបួងសួងអោយវិញ្ញាណក្ខន្ធរបស់ លោក ទៅកាន់សុខតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាការឆ្លើយតប ក្រុមគ្រួសារសព លោក ទឹម សុធីម ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់ ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់គ្រួសារមន្ត្រីរាជការ ដោយបានចូលរួមរំលែកទុក្ខ និងចូលរួមឧបត្ថម្ភជាថវិកា ព្រមទាំងសម្ភារៈ និងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា៖ លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានទទួលមរណភាព នៅវេលាម៉ោង ១៧.១៥ នាទីយប់ នាថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៤៣ ឆ្នាំ ដោយរោគាពាធ ។
អត្ថបទ៖ លោក ញ៉ឹប បូរី