(រ៉ាឃីន)៖ ក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់ ១៧នាក់បានលង់ទឹកស្លាប់ នៅពេលដែលទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលភៀសខ្លួន ចេញពីរដ្ឋរ៉ាឃីនបានលិចនៅឈូងសមុទ្រ Bengal ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ លោក Byar La បុគ្គលិកសង្គ្រោះនៃមូលនិធិ Shwe Yaung Metta នៃរដ្ឋរ៉ាឃីន បាននិយាយថា មនុស្សជាង ៥០នាក់ត្រូវបានគេជឿថា នៅលើទូកដែលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលបានជួបបញ្ហានៅក្នុងសមុទ្រដ៏លំបាកកាលពីយប់ថ្ងៃអាទិត្យ។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងបានរកឃើញសាកសពចំនួន ១៧នាក់។ ហើយយើងក៏បានរកឃើញបុរសប្រាំបីនាក់ទៀតនៅរស់ ខណៈប៉ូលីសកំពុងសួរនាំពួកគេ»។ លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមស្វែងរកអ្នកបាត់ខ្លួន បើទោះជាមិនដឹងចំនួនពិតប្រាកដនៅលើទូកនោះក៏ដោយ។ គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ប្រថុយជីវិតជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ពីជំរុំក្នុងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា ដើម្បីព្យាយាមទៅដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ រដ្ឋរ៉ាឃីន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ គឺជាជម្រករបស់ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ៦០០,០០០នាក់ ដែលត្រូវបានចាត់ទុកថាជាជនចំណាកស្រុកមកពីបង់ក្លាដែស ហើយបានបដិសេធមិនផ្តល់ជូនសញ្ជាតិ និងសេរីភាពនៃការធ្វើដំណើរ។
យោងតាមទិន្នន័យខែមករា ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ៣,៥០០នាក់នៅក្នុងកប៉ាល់ចំនួន ៣៩ បានព្យាយាមឆ្លងកាត់សមុទ្រ Andaman និងឈូងសមុទ្រ Bengal ក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើងជាង ៧០០នាក់បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទីភ្នាក់ងារនេះបាននិយាយទៀតថា យ៉ាងហោចណាស់មានជនជាតិរ៉ូហ៊ីងយ៉ា ៣៤៨ នាក់បានស្លាប់ ឬបាត់ខ្លួននៅសមុទ្រកាលពីឆ្នាំ២០២២៕