(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើបានឱ្យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់ ក្នុងអាណត្តិទី៧ ថ្មីនេះ ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយប្រជាពលរដ្ឋឱ្យបានច្រើន ដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។
នេះបើតាមការផ្សាយក្នុងបណ្ដាញតេឡេក្រាមរបស់សម្ដេចតេជោ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីដែល ជំនួបនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ក្នុងជំនួបនោះដែរ សម្ដេចតេជោ ស្នើឱ្យនាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័នឡើងវិញ និងមានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី។ មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានជូនពរ ដល់សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ជូនជាតិមាតុភូមិ។ ក្នុងជំនួបនេះដែរ ក៏មានពិធីថតរូបជុំគ្នា ទាំងសមាជិករាជរដ្ឋាភិបាលអណត្តិទី៦ និង រាជរដ្ឋាភិបាលអណត្តិទី៧ថ្មី នៅមុខវិមាន៧មករាផងដែរ។
សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕