(ស្ទឹងត្រែង)៖ ដំណាំល្មើរជាប្រភេទដំណាំឈើហូបផ្លែថ្មី មួយមុខទៀត ត្រូវបានកសិករដាំដុះបាន ផលនាំចេញទៅកាន់ទីផ្សារហើយ ព្រោះកន្លងមកយើងបានគិតថាដំណាំមួយប្រភេទនេះ មិនអាចដាំបាន ឃើញតែនៅក្រៅប្រទេស បច្ចុប្បន្នកសិករនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងដាំដុះទទួលបានដោយជោគជ័យ។
លោកសុខឃឿនអ្នកដាំល្មើនៅចំការក្រុមហ៊ុនសុភ័គ្រនីការនៅឃុំកំភុនស្រុកសេសានបានបញ្ជាក់ថា៖ដំណាំល្មើពិតជាផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តែការដំដុះទាមទារឱ្យមានការព្យាយាម ដាក់ជីស្រោចទឹកហើយពេលវាចេញផ្កាផ្លែ ត្រូវថែទាំតាមបច្ចេកទេសទើបទទួលបានផលល្អ ។ លោកថា៖ ការថែទាំនេះពេលចេញផ្កាមកត្រូវបង្កាត់វា ហើយយកក្រដាស់ស្រោបផ្កាវាកុំឱ្យសត្វល្អិតប៊ឺតលម្អង ហើយរយៈ២សប្តាហ៍ យើងប្រលេះផ្លែចេញខ្លះ កុំឱ្យវាចង្អៀត ដើម្បីផលវាបានផ្លែធំ បើទុកឱ្យចង្អៀតមានផ្លែតូច ជាមួយនេះត្រូវច្រកស្បៃ និងយកក្រដាសគ្របកុំឱ្យត្រូវទឹកភ្លៀងនិងដើម្បីការពារសត្វល្អិតនិងដង្កូវមកស៊ីផ្លែវា ។
លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ ដំណាំមួយប្រភេទនេះបានជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តព្រោះមិននឹកស្មានថាកសិករដាំដុះទទួលផលបានល្អបែបនេះទេ គ្រាន់តែមានបរិមាណតិចតួចនៅឡើយ ហើយមន្ទីរកសិកម្មនិងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាកសិករទាំងអស់មានការចាប់អារម្មណ៍ក្នុងការដាំដុះដំណាំល្មើនេះ ខាងមន្ទីរនិងផ្តល់នូវគ្រប់មធ្យោបាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាលក្ចណៈបច្ចេកទេសឬការសម្របសម្រួលផ្សេងៗ។ លោកប្រធានមន្ទីរបន្តថា៖ដំណាំល្មើបច្ចុប្បន្នមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ជាងទុរេននិងអាចផលិតជាដំណាប់បាន ហើយបើកសិករយើងដាំដុះបានច្រើន និងជួយធ្វើឱ្យគ្រួសារកាន់តែមានជីវភាពធូរធាប្រសើរឡើង។
សូមបញ្ចាក់ថា៖ ខេត្តស្ទឹងត្រែងបន្ទាប់ពីដំណាំទុរេន មានដំណាំល្មើមួយប្រភេទទៀតដែលពីមុនមកពុំធ្លាប់មានសោះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះកសិករដាំបានផ្លែ លក់បានតម្លៃខ្ពស់ ក្នុងមួយគឺឡូក្រាម៨ដូល្លា និងមានទីផ្សារស្រួលលក់ជាងទុរេនផងដែរ ៕