(កីឡា)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese បានសន្យាឲ្យប្រជាជនឈប់សម្រាកទូទាំងប្រទេស ប្រសិនបើក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិរបស់ខ្លួនឈានដល់វគ្គផ្តាច់ព្រ័ត្រ ជើងឯកបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup)។
ក្រុមនារីបាល់ទាត់នារីអូស្ត្រាលី បានយកឈ្នះក្រុមនារីដាណឺម៉ាក ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Sydney’s Stadium Australia ក្នុងវគ្គ១៦ក្រុមចុងក្រោយ តាមរយៈគ្រាប់បាល់ពីកីឡាការិនី Caitlin Foord និង Hayley Raso ដើម្បីបានកៅអីបន្តទៅវគ្គ៨ក្រុមចុងក្រោយ។ លោក Albanese មានវត្តមានសម្រាប់ការប្រកួតក្នុងវគ្គជម្រុះក្នុងពូលរបស់អូស្ត្រាលី ហើយបានទទួលការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការអំពាវនាវរបស់លោកដើម្បីអបអរជោគជ័យរបស់ក្រុមនារីអូស្ត្រាលី។
លោក Albanese បានប្រាប់វិទ្យុ Triple M ក្នុងទីក្រុងស៊ីដនីថា ៖«វាគឺជាការបំផុសគំនិតប្រទេសទាំងមូល។ វានឹងបំផុសគំនិតជាពិសេសដល់ក្មេងជំនាន់ក្រោយ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញក្មេងស្រី និងក្មេងប្រុសមានការរំភើបចិត្តខ្លាំង ហើយដើរតាមគន្លងក្រុមនារីអូស្ត្រាលី ក្នុងការប្រកួតពិភពលោក»។ អូស្រ្តាលី នឹងត្រូវជួបក្រុមខ្លាំង បារាំង វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី១២ ខែសីហា ខាងមុខដើម្បីរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។អូស្ត្រាលី បានយកឈ្នះបារាំង ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើកចុងក្រោយរបស់ពួកគេមុនការប្រកួត World Cup។ អ្នកឈ្នះនឹងជួបក្រុមជើងឯកអឺរ៉ុប អង់គ្លេស ឬកូឡុំប៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕