(អន្តរជាតិ)៖ បណ្តាញផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសនេះ នឹងបាញ់បង្ហោះផ្កាយរណប នៅពេលណាក៏បាន បន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួន នៅចុងខែឧសភា។
កូរ៉េខាងជើង បានសន្យានៅក្នុងការបោះពុម្ពផ្សាយប្រចាំខែសីហានៃទស្សនាវដ្តី Kumsu Kangsan (គុមស៊ុ កាងសាន) ដោយហៅការបាញ់បង្ហោះផ្កាយរណប កាលពីកន្លងទៅរបស់ប្រទេសនេះថា ជា«អព្ភូតហេតុនៅលើអព្ភូតហេតុ»។ កូរ៉េខាងជើង មិនបានបញ្ជាក់ពីប្រភេទផ្កាយរណបដែលខ្លួននឹងបាញ់បង្ហោះនាពេលអនាគតដ៍ខ្លីនោះទេ ប៉ុន្តែប្រទេសនេះ ទំនងជាចង់សំដៅទៅលើការប៉ុនប៉ងលើកទីពីររបស់ខ្លួន ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា។
កាលពីថ្ងៃទី ៣១ ខែឧសភា ប្រទេសកូរ៉េខាងជើង បានបាញ់រ៉ុក្កែតChollima-1ថ្មីដែលផ្ទុកផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនឈ្មោះ Malligyong-1 ប៉ុន្តែវាបានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយសារតែការចាប់ផ្តើមខុសប្រក្រតីនៃម៉ាស៊ីនដំណាក់កាលទីពីរ។ យោធាកូរ៉េខាងត្បូង បាននិយាយកាលពីខែកក្កដាថា ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង«គ្មានឧបករណ៍ប្រើប្រាស់ផ្នែកយោធា» បន្ទាប់ពីខ្លួនបានទាញយកបំណែករបស់វាចេញពីសមុទ្រលឿង៕