(ភ្នំពេញ)៖ លោកជំទាវ ឃួន សុដារី ត្រូវបានចាត់តាំងធ្វើជាប្រធានរដ្ឋសភា នីតិកាលទី៧ ដែលនេះជាលើកដំបូងនៃប្រវត្តិសាស្ត្រ រដ្ឋសភាកម្ពុជា ដែលជាការលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់តំលៃស្ត្រី នៅក្នុងកិច្ចការនយោបាយ និងភាពជាអ្នកដឹកនាំ។ តាមរយៈសារសំឡេង កាលពីយប់ថ្ងៃទី៩ ខែសីហា ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល នីតិកាលទី៦។
សារសំឡេង បញ្ជាក់ថា៖ «បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំ តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ គឺលោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភានឹងក្លាយទៅជាប្រធានរដ្ឋសភា នាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី ហើយឯកឧត្តម ជាម យៀប អនុប្រធានទី១ នៅតែជាអនុប្រធានទី១ដដែល ឯកឧត្តម វង សូត ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា»។
សូមបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេងសំរិន នឹងធ្វើជាព្រឹទ្ធបុរសដឹកនាំសម័យប្រជុំដំបូង រដ្ឋសភា នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែសីហា ឆ្នា២០២៣ នៅវិមានរដ្ឋសភា។ គណបក្សនយោបាយចំនួន២ ដែលទទួលបានអាសនៈ នៅក្នុងរដ្ឋសភា នីតិកាលទី៧ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច៥អាសនៈ។ រដ្ឋសភា នីតិកាលទី៧ មានអាសនៈតំណាងរាស្ត្រសរុបចំនួន១២៥រូប(១២៥អាសនៈ)៕