(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលសារពើពន្ធ -ពន្ធដារ និងគយ និងរដ្ឋាករ បានចំនួនប្រមាណជាង ១១ ៤៨៧ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២,៨ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។ របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើមសប្តាហ៍នេះ បង្ហាញថា ចំណូលសារពើពន្ធសរុបសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ អនុវត្តបាន ៤៩,១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។
ចំណូលគយ និងរដ្ឋាករ អនុវត្តបានចំនួន ៤ ៦០៧ ពាន់លានរៀល សមមូលនឹង ១,១ពាន់លានដុល្លារ ថយចុះ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ ចំណែក ចំណូលពន្ធដារ (ថ្នាក់ជាតិ) អនុវត្តបានចំនួន ៦ ៨៩០ ពាន់លានរៀល ឬស្មើនឹង ១,៦ពាន់លានដុល្លារ កើនឡើង០,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ចំណូលគយ និងរដ្ឋាករ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ថយចុះ ដោយសារចំណូលពីមុខទំនិញយានយន្ត និងគ្រឿងចក្របានធ្លាក់ចុះខ្លាំង និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ានជាមួយនឹងដៃគូអាស៊ានផ្សេងទៀត។
ចំណែកចំណូលពន្ធដារកើនឡើង ឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្ត និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។ សូមបញ្ជាក់ថា កម្ពុជាមានស្ថាប័នចំនួនពីរទទួលបន្ទុកប្រមូលចំណូលពន្ធ។ មួយគឺអគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលប្រមូលពន្ធ លើទំនិញចូល និងនាំចេញ៕