(ភ្នំពេញ)៖ នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោកភូមិន្ទថៃ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTAN AP AI SAL) និងអង្គភាពកិច្ចការសាធារណនៃកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីសិក្សាស្វែងយល់ និងផ្តល់បទពិសោធន៍រវាងប្រទេសទាំងពីរលើការគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ប្រព័ន្ធការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ មានតួនាទី និងភារកិច្ចឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើងដោយយថាហេតុបង្កដោយធម្មជាតិ និងមនុស្ស។ ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយថ្នាក់ជាតិជាសេនាធិការរបស់នាយករដ្ឋមន្រ្តី ដែលជាប្រធាន និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារួមទាំងកងកម្លាំងប្រដាប់អាវុធរហូតទៅដល់ថ្នាក់ក្រោមជាតិ និងមូលដ្ឋានផងដែរ។ នាឱកាសនោះ ឯកឧត្តម បានស្នើឲ្យមានការសហការនិងបន្តនៃកិច្ចសហប្រតិបត្តិការក្នុងការទំនាក់ទំនងនៃប្រទេសជាមិត្តឲ្យកាន់ជិតស្និត ក៏ដូចកងទ័ពនិងកងទ័ព ប្រជាជននិងប្រជាជនឲ្យអោយកាន់ស៊ីជម្រៅបន្ថែមទៀត ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន ឬមានឧបទ្ទវហេតុដោយគ្រោះធម្មជាតិ និងមនុស្សបង្កឡើង ។
ឧត្តមសេនីយ៏ឯក តំណាងកងទ័ពជើងគោកថៃ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ដែលកន្លងមកដោយសង្កេតឃើញថា បានសម្របសម្រួលទាន់ពេលវេលា ក្នុងកាលៈទេសៈណាក៏ដោយ ថែមទាំងបានចូលរួមលើការងារសមយុទ្ធគ្រោះមហន្តរាយអាស៊ានជាមួយបណ្តាលប្រទេសជាមិត្តទៀតផង។ ភាគីទាំងពីរបាន សម្តែងនូវការគាទ្រនិងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ, ការត្រៀមបង្ការពហុមុខសញ្ញាគ្រោះថ្នាក់, ការកាត់បន្ថយ និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ននាពេលខាងមុខ។
ភាគីថៃ ក៏បានសម្តែងនូវឆន្ទៈ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយឆ្លងដែនតាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អាត់ម៉ែ) ឆ្នាំ២០២១-២០២៥៕