(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្ងៃទី៨ ខែសីហា បានទទួលហូលពិដាន និងផ្ទាំងក្រណាត់សូត្រសរុបចំនួន ៤១ផ្ទាំង ពីក្រុមការងារពិដាន នៃប្រទេសជប៉ុន ដូចមានក្នុងបញ្ជីភ្ជាប់ ជូនទៅសារមនី្ទរជាតិកម្ពុជា។ ការប្រគល់ទទួលនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងចុះហត្ថលេខាប្រគល់-ទទួល ដោយលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ និងជាប្រធានសារមនី្ទរជាតិ និងលោកស្រីសាស្រ្តាចារ្យ Yonekura Yukiko អ្នកសម្របសម្រួលក្រុមការងារពិដាន។ ឆ្លៀតក្នុងឱកាសនោះលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ និងជាប្រធានសារមនី្ទរជាតិ បានពណ៌នាអំពីប្រភពដើម នៃវត្ថុដែលប្រគល់-ទទួល ថា ពិដាន និងក្រណាត់សូត្រទាំង៤១ផ្ទាំងនេះ បានប្រមូលមកពីទីកន្លែងផ្សេងៗភាគច្រើននៅព្រះរាជាណាចក្រកម្ពុជា និងមានមួយចំនួនមកពីតំបន់ពាយ័ព្យនៃប្រទេសថៃ និងភាគខាងត្បូងនៃប្រទេសវៀតណាម។ វត្ថុសិល្បៈទាំងអស់នេះ និងត្រូវរក្សាទុកនៅសារមនី្ទរជាតិកម្ពុជា ជាសម្បតិ្តរដ្ឋចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕