(កីឡា)៖ ក្រុមបាល់ទាត់នារីបារាំងបានបញ្ចប់ក្តីសង្ឃឹមរបស់ម៉ារ៉ុក ក៏ដូចជាក្តីសង្ឃឹមរបស់ក្រុមមកពីអាហ្វ្រិក ដើម្បីឡើងវគ្គ ៨ ក្រុមចុងក្រោយបាល់ទាត់នារីជើងឯកពិភពលោក។ កីឡាការិនី Kadidiatou Diani និង Kenza Dali រកបានម្នាក់មួយគ្រាប់នៅវគ្គទី ១ ខណៈ Eugenie Le Sommer រកបានពីរគ្រាប់ម្នាក់ឯងឱ្យអតីតក្រុមលេខ ៤ World Cup ឆ្នាំ ២០១១ បារាំងយកឈ្នះដោយលទ្ធផល ៤-០ ឡើងវគ្គ ៨ ក្រុមចុងក្រោយ។ បារាំងនឹងបន្តទៅជួបជាមួយម្ចាស់ផ្ទះអូស្ត្រាលី នៅទីក្រុង Brisbane ថ្ងៃសៅរ៍នេះ។
ចំណែកឯក្រុមនារីម៉ារ៉ុក សង្ឃឹមថានឹងក្លាយជាក្រុមនារីអាហ្វ្រិកដំបូងដែលឈ្នះការប្រកួតនៅវគ្គ Knockout តែអ្វីៗប្រែក្រឡាប់ចាក់បន្ទាប់ពីគ្រាប់នាំមុខ ២ គ្រាប់របស់បារាំងលឿនៗ។ ងាកមកការប្រកួតមួយគូទៀត កូឡុំប៊ីក៏បានបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយដែរក្រោយយកឈ្នះក្រុមនារី សាម៉ាអ៊ិកតានតឹង ១-០។ កីឡាការិនី Cataline Usme គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះយ៉ាងអស្ចារ្យនៅនាទីទី ៥១។មួយគ្រាប់នេះ គឺជាគ្រាប់ដំបូងដែលសាម៉ាអ៊ីករបូតគ្រាប់បាល់នៅ World Cup ឆ្នាំនេះ តែពួកគេក៏មិនអាចរកបានគ្រាប់តាមស្មើដែរ។ លទ្ធផលនេះធ្វើឱ្យក្រុមនារីកូឡុំប៊ីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup ជាលើកដំបូងដោយនឹងត្រូវជួបជាមួយអង់គ្លេសនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីថ្ងៃសៅរ៍នេះ៕