ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រៀបចំពិធីបុណ្យរុក្ខទិវា៩ កក្កដា ឆ្នាំ២០២៣ នៅបរិវេណវត្តគិរីសារវ៉ាន់ហៅវត្តក្រចាប់ ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាង លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម អ៊ី ហឿន សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអោយដឹងថា ដោយមានការអនុញ្ញាតិ ឯកភាពពីលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន យើងបានកំណត់ទីតាំងប្រារព្ឋពិធីបុណ្យ “រុក្ខទិវា នៅក្នុង នៅក្នុងបរិវេណ វត្តគិរីសារវ៉ាន់ ហៅវត្តក្រចាប់ និង បានរៀបចំកូនឈើជាច្រើនប្រភេទសរុប ចំនួន១,៥៥០ដើម ដូចជា លឿងរាជ ត្របែកព្រៃ ក្ងោក បេង គ្រញូង នាងនួន ធ្នង់ គគីរ សម្រាប់ដាំ ក្នុងពិធីបុណ្យ រុក្ខទិវា នេះ និងចែកជូន តាមអង្គភាពនានា សាលារៀន និងប្រជាពលរដ្ឋដាំ តាមមូលដ្ឋានផងដែរ។
លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ធនធានព្រៃឈើ គឺជាអំណោយផលធម្មជាតិ ដែលជាប្រភពនៃជីវះចម្រុះដ៏សំបូរបែបនៃមាតុភូមិ បវរនៃយើង ហើយក៏ជាគម្របបៃតងដ៏ស្រស់បំព្រងផងដែរ។ ពិធីបុណ្យ “រុក្ខទិវា” ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធនៅថ្ងៃនេះ មានអត្ថន័យខ្ពង់ខ្ពស់ជាទីបំផុត ព្រោះជាចលនាមួយដ៏សំខាន់ក្នុងការជួយបំផុសស្មារតី មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និង បងប្អូនជនរួមជាតិទាំងអស់ អោយមានមនសិការ ចេះស្រលាញ់ធនធានធម្មជាតិ និង ចូលរួមដាំដុះ ថែរក្សា ការពារ ភិរក្សព្រៃឈើអោយមាននិរន្តរភាព។ លោកបានបន្តថា រុក្ខទិវា នៅថ្ងៃនេះ គឺជាសក្ខីភាពមួយបង្ហាញតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហា វីរៈក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រជាទីសក្ការៈនៃយើង ដែលជានិច្ចកាល ព្រះអង្គតែងយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ និង ជាពិសេសការថែរក្សាការពារព្រៃឈើ និង អភិវឌ្ឍព្រៃឈើតាមរយៈការដាំដុះព្រៃឈើឡើងវិញ ដែលជាអទិភាពចំបង ហើយជាក់ស្ដែងកន្លងមក ព្រះអង្គតែងតែបានចូលរួមជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ “ រុក្ខទិវា “ ជា រៀងរាល់ឆ្នាំផងដែរ។លោក រស់ នឿន ក៏បានអំពាវនាវដល់បងប្អូនទាំងឡាយ ដែលកំពុងបន្តធ្វើសកម្មភាពកាប់រានដឹ ព្រៃឈើ និងហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិលួចលាក់ កាប់បំផ្លាញព្រៃឈើ សូមបញ្ឈប់ជាបន្ទាន់នូវទង្វើអវិចារណញ្ញាណ របស់ខ្លួន ព្រោះថាការធ្វើ ដើម្បី មានបាន ពីអាជីវកម្មផលព្រៃឈើខុសច្បាប់ គឺជាបទល្មើសមួយយ៉ាងធ្ងន់ធ្ងរផ្ទុយនឹងផលប្រយោជន៍របស់សង្គម។ ផលលំបាកនៃការកាប់បំផ្លាញព្រៃឈើ នឹងនាំមកនូវមហន្តរាយដល់បរិស្ថានធម្មជាតិ ផ្តល់ផលអាក្រក់ ប៉ះពាល់ដល់សង្គម ក្នុងនោះក៏មានផ្ដល់ផលអាក្រក់ដល់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។ ដូច្នេះចំពោះមុខ យើងមិនត្រូវកាប់បំផ្លាញព្រៃឈើនោះទេ យើងត្រូវរួមគ្នាដាំដុះឡើងវិញ៕ អត្ថបទ: លោក វួច ពឿន AKP ប៉ៃលិន