សម្រាប់នារីៗណាដែលត្រូវការថែបំប៉នសុខភាពរាងកាយក្នុងអំឡុងពេលមានវដ្តរដូវ ជាពេលវេលាដែលរាងកាយបាត់បង់លោហិតច្រើន និងត្រូវការការពារខ្លួនពីជំងឺលោហិតស្លេកផងនោះ យើងសូមណែនាំឱ្យនាំគ្នាញ៉ាំបន្លែប្រភេទផ្សេងៗ ដែលមានវីតាមីនជួយបំប៉នលោហិត ហើយបន្លែដែលយើងបានរួបរួមយកមកជម្រាបជូននៅពេលនេះ អាចនិយាយបានថា ជាបន្លែដែលមានចំណែកជួយបង្កើនគ្រាប់ឈាមក្រហម ជួយបន្ថែមហេម៉ូគ្លោប៊ីន និងជួយជំរុញចរន្តប្រព័ន្ធឈាមរត់ បានយ៉ាងល្អ ដែលមានទាំងអស់ ៥ប្រភេទដូចតទៅ…
១-ត្រសក់
ត្រសក់ ជាបន្លែដែលសម្បូរទៅដោយ ជាតិហ្វ៉ូលេតខ្ពស់ ជាសារធាតុអាហារ ១ប្រភេទដែលមានចំណែកជួយបំប៉នលោហិត ជួយសាងគ្រាប់ឈាមក្រហម ជួយគ្រប់គ្រងសម្ពាធឈាម ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាម ជំរុញការធ្វើការងាររបស់ប្រព័ន្ធប្រសាទ និងជួយបង្កើនការធ្វើការងាររបស់ប្រព័ន្ធសាច់ដុំ និងប្រព័ន្ធឈាមរត់បានយ៉ាងល្អ។
២-បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតង មិនថាតែខាត់ណាក្រញាញ់ ឬ Kale ខាត់ណាហុងកុង បន្លែពួយឡេង សាលាដបូកគោ ក្ដី អាចនិយាយបានថា សុទ្ធតែជាបន្លែដែលសម្បូរទៅដោយវីតាមីនA វីតាមីនC និងសារធាតុដែក ដោយ សារធាតុអាហារទាំងនេះ សុទ្ធតែជួយបំប៉នលោហិតបានល្អខ្លាំងណាស់ ដូច្នេះហើយ ទើបវាស័ក្តិសមសម្រាប់ការញ៉ាំក្នុងអំឡុងពេលមានវដ្តរដូវ ដើម្បីការពារមិនឱ្យរាងកាយ ខ្វះកម្លាំងថាមពល ក្នុងអំឡុងពេលដែលបាត់បង់លោហិតច្រើន។
៣-មើមការ៉ុត
ការ៉ុត សម្បូរទៅដោយវីតាមីនA វីតាមីនC វីតាមីនK និងបេតាឃែរ៉ូធីន ដោយ សារធាតុអាហារប្រភេទនេះ មានចំណែកជួយប្រឆាំងនឹងសារធាតុរ៉ាឌីកាល់សេរី ព្រមទាំងជួយបំប៉នលោហិតបានយ៉ាងល្អ។ ក្រៅពីនេះ មើមការ៉ុត អាចរាប់បានថា ជាបន្លែដែលហុចផលល្អចំពោះកែវភ្នែក បេះដូង សាច់ស្បែក និងជួយការពាររោគមហារីកបានទៀតផង។
៤-ម្ទេស
ផ្លែម្ទេស សម្បូរទៅដោយសារធាតុ ឃែបសៃស៊ីន ដែលសារធាតុប្រភេទនេះ មានឥទ្ធិពលជួយធ្វើឱ្យសរសៃឈាមពង្រីកខ្លួន ធ្វើឱ្យសរសៃឈាមអាចយឺតយារ និងធ្វើការបានយ៉ាងមានប្រសិទ្ធភាព ហុចផលឱ្យអាចរំលាយកម្ទេចឈាម និងកាត់បន្ថយការផ្ដុំខ្លួនរបស់កម្ទេចឈាមបានយ៉ាងល្អ ដូច្នេះហើយទើបអាចរាប់បានថា សារធាតុឃែបសៃស៊ីន ដែលមាននៅក្នុងផ្លែម្ទេស មានភាពសំខាន់ចំពោះប្រព័ន្ធឈាមរត់ខ្លាំងបំផុត។
៥-គ្រាប់សណ្ដែកគ្រប់ប្រភេទ
គ្រាប់សណ្ដែកគ្រប់ប្រភេទ មិនថាតែសណ្ដែកលែនទីល សណ្ដែកដី សណ្ដែកខ្មៅ សណ្ដែកក្រហម សណ្ដែកលឿង សណ្ដែកស៊ិកភី សុទ្ធតែជាប្រភពរបស់សារធាតុអាហារ និងសារធាតុដែក ដោយ សារធាតុអាហារប្រភេទនេះ ត្រូវបានចាត់ទុកជាសារធាតុអាហារដែលរាងកាយគួរបានទទួលក្នុងអំឡុងពេលដែលបាត់បង់លោហិតច្រើន។ ក្រៅពីនេះ សណ្ដែកទាំងអស់នេះ ថែមទាំងសម្បូរទៅដោយម៉ាញេស្យូម ប៉ូតាស្យូម ហ្វ៉ូលេត និងហ្វៃប៊ើប្រភេទរលាយក្នុងទឹកទៀតផង ទើបជួយឱ្យមានអារម្មណ៍ឆាប់ឆ្អែត និងថែមទាំងជួយបន្ថយបរិមាណកាឡូរីបានយ៉ាងល្អ។ ចំណែកសណ្ដែកដីវិញ ត្រូវបានចាត់ទុកថាជាសណ្ដែក ដែលណែនាំឱ្យទទួលទានញឹកញាប់ ដើម្បីបំប៉នលោហិត ព្រោះសម្បូរទៅដោយសារធាតុច្រើនប្រភេទ ដូចជា វីតាមីនE ប្រូតេអ៊ីន ម៉ង់ហ្គាណេស និងណៃអាស៊ីន ដែលជាសាធាតុអាហារជួយបំប៉នលោហិត និងថែមទាំងហុចផលល្អដល់បេះដូង និងសរសៃឈាមទៀតផង។
សរុបថា ក្នុងអំឡុងពេលដែលនារីៗយើងប្រឈមនឹងពេលវេលាដែលរាងកាយបាត់បង់លោហិតច្រើន ជាពិសេសក្នុងពេលមានវដ្តរដូវ យើងសូមណែនាំឱ្យឧស្សាហ៍នាំគ្នាញ៉ាំបន្លែទាំងអស់នេះ ព្រោះវានឹងជួយបំប៉នរាងកាយ និងបំប៉នឈាមបានយ៉ាងល្អ និងដែលសំខាន់ នៅជួយការពារមិនឱ្យរាងកាយកើតសភាវលោហិតស្លេកបានទៀតផង៕