(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០ អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច៥អាសនៈ។
បើមិមមានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នពីសំណាក់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការឆ្នោតនោះទេ គឺ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៣។ នាពីពេលថ្មីៗនេះដែរ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតនេះ ក្នុងគោលបំណងដើម្បីឲ្យគណបក្សនយោបាយ ដែលចូលរួមការ ប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនិងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល ហើយក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺគ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៣”។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង។
អ្នកបោះឆ្នោតជាង ៨លាន២សែននាក់ បានចេញទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិ នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិលើកមុនៗកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ បង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។
ដំណើរការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឲ្យ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាម ដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយ ជិត៦ម៉ឺននាក់ និងអ្នក សង្កេតការណ៍ជាតិឯករាជ្យចំនួ៩ម៉ឺននាក់ បានបញ្ជាក់ពីភាពត្រឹមត្រូវ តម្លាភាព នៃការបោះឆ្នោត។ អាសនៈតំណាងរាស្ត្រ នីតិកាលទី៧មានចំនួន១២៥អាសនៈ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាលទ្ធផល៖
១-គណបក្សប្រជាជនកម្ពុជា ទទួលការគាំ ទ្រជាង៦លានសំឡេង។
២-គណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រជាង៧១ម៉ឺន សំឡេង។
ការគណនាក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ (ភ្នំពេញ១, កណ្តាល ១, កំពង់ធំ ១, ព្រៃ វែង ១, កំពង់ចាម ១)។ សូមបញ្ជាក់ថា គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានី-ខេត្ត អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះ ឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣៕