(ចិន)៖ ទីក្រុងប៉េកាំង បានចេញការព្រមានកម្រិតខ្ពស់បំផុត ខណៈព្យុះត្រូពិក Doksuri បានវាយប្រហារ ដោយសម្លាប់មនុស្សចំនួនពីរនាក់ និងបង្ខំមនុស្សយ៉ាងតិច ៣១០០០នាក់ទៀត ឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។សារព័ត៌មាន People’s Daily បានរាយការណ៍ថា សាកសពមនុស្សពីរនាក់ ត្រូវបានគេរកឃើញតាមផ្លូវលិចទឹកក្នុងសង្កាត់ Mentougou ភាគខាងលិចទីក្រុង។
អាជ្ញាធរគ្រប់គ្រងគ្រាអាសន្ននៅ Mentougou ក៏បានជម្លៀសមនុស្សប្រមាណ៥០០០នាក់ ទៅកាន់ទីទួលសុវត្ថិភាពផងដែរ ខណៈកងកម្លាំងប្រដាប់អាវុធជាង ២០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ស្រុក Fangshan ដើម្បីពង្រឹងការការពារនិងជួយសង្គ្រោះ។អាជ្ញាធរនៅ Fangshan ក៏បានព្រមានអំពីទឹកជំនន់នៅតាមដងទន្លេ Dashi និង Juma ផងដែរហើយជំរុញអ្នកស្រុកនៅតាមទីប្រជុំជនក្បែរៗនោះ ឲ្យយកចិត្តទុកដាក់ចំពោះបទបញ្ជាជម្លៀស។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua, ស្រុក Fengtai, Shijingshan, Haidian, Daxing និង Huairou បានរាយការណ៍ពីផ្លូវលិចទឹក ហើយសេវាកម្មនានា ដូចជាសេវារថយន្តក្រុងរាប់រយ និងផ្លូវរថភ្លើងជាច្រើនត្រូវបានផ្អាក។ព្យុះនេះ ក៏បង្ខំឲ្យអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង លុបចោលជើងហោះហើរចំនួន ៤០ ផងដែរ។ គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍ Doksuri បានវាយប្រហារភាគអាគ្នេយ៍ប្រទេសចិនក្នុងនាមជាព្យុះទីហ្វុង ដែលបណ្តាលឲ្យមានបំណាក់ដី និងទឹកជំនន់នៅខេត្ត Fujian មុនពេលបោះពួយទៅភាគខាងជើង បង្កជាភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង និងខេត្តជិតខាង៕