(រុស្សី)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី៣១ខែកក្កដាថា រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បានរាយការណ៍ជូនលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសកូរ៉េខាងជើង។លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ពិតមែន រដ្ឋមន្ត្រីបានធ្វើរបាយការណ៍រួចហើយ ប៉ុន្តែខ្ញុំមិនដឹងថា ខ្លឹមសារនៃរបាយការណ៍នោះ លម្អិតកម្រិតណានោះទេ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ខែកក្កដា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Shoigu បានទៅដល់ប្រទេសកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ តាមការអញ្ជើញរបស់ក្រសួងការពារជាតិកូរ៉េខាងជើង ដើម្បីចូលរួមក្នុងខួបលើកទី៧០ នៃកិច្ចព្រមព្រៀងឈប់បាញ់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំលោក Shoigu ទស្សនាការតាំងពិព័រណ៍ការពារជាតិ ដែលបង្ហាញពីមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីអ្នកទាំងពីរជួបពិភាក្សាគ្នាស្ដីពីការបង្កើនទំនាក់ទំនង។ ស្របពេលជាមួយគ្នានោះ លោក គីម ក៏បានពិភាក្សាជាមួយលោក Shoigu ស្តីពីសភាពការណ៍នៃសព្វាវុធ និងយុទ្ធសាស្ត្ររបស់ពិភពលោកផងដែរ៕