(ភ្នំពេញ)៖“មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣” ក្រោមប្រធានបទ “វប្បធម៌សន្តិភាព” ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងស្តីពីការប្រឡងប្រជែង ដើម្បីផ្តល់ឱកាសដល់អ្នកដែលមានទេពកោសល្យ និងជំនាញផ្នែកចាប៉ីដងវែង។ជារៀងរាល់ឆ្នាំ ការរៀបចំព្រឹត្តិការណ៏នេះឡើង គឺក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេស ចាប៉ីដងវែង ដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្គូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ដូចនេះ សម្រាប់អ្នកមានទេពកោសល្យ និងជំនាញផ្នែកចាប៉ីដងវែង អាចមានឱកាសបានចូលរួមប្រឡង ក្នុងមហោស្រពដ៏មានសារៈសំខាន់នេះ ដើម្បីរួមចំណែកថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ឱ្យកាន់តែរីកដុះដាលថែមទៀត។ សម្រាប់ការប្រឡងជើសរើសនេះ បេក្ខជនចូលរួម ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដោយលក្ខខណ្ឌនៃការជ្រើសរើស កំណត់ថា៖
១. ត្រូវតែជាបេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែលពុំមែនជាបេក្ខជនជ័យលាភី នៃមហោស្រពចាប៉ីដងវែងទូទាំង ប្រទេសក្នុងឆ្នាំកន្លងៗមក។
២. ចំពោះបេក្ខជនជានារី និងជនមានពិការភាព ដែលមានសមត្ថភាពសមស្រប ត្រូវបានលើកទឹកចិត្ត។
៣. បេក្ខជនត្រូវបំពេញពាក្យសុំប្រឡង និងប្រវត្តិរូបសង្ខេបចំនួន ០១ច្បាប់ (តាមគំរូដែលមានស្រាប់)
៤. ក្នុងករណីដែលក្រុមការងាររៀបចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយ ខុសលក្ខខណ្ឌ នោះក្រុមការងារមានសិទ្ធិមិនបញ្ជូនឯកសារឱ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។ បេក្ខជនទាំងអស់ តម្រូវឱ្យថតវីដេអូ នៃការច្រៀងសម្តែងចាប៉ីដងវែងថ្មី (មិនមានការថតសំឡេងកាត់ត) លើប្រធានបទផ្សេងៗទៅតាមតម្រូវចិត្តជ្រើសរើសរបស់បេក្ខជន ដោយបង្កប់ខ្លឹមសារអប់រំ រយៈពេល ១៥នាទី ។
បន្ទាប់មកអាចដាក់ពាក្យស្នើសុំប្រឡង និងវីដេអូប្រកួតបាន តាមរយៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី-ខេត្ត ប្រធានអង្គការ និងសិល្បៈមហាជនជាសាមី ឬផ្ញើមកគណៈកម្មការរៀបចំមហោស្រព ដែលមានទីស្នាក់ការនៅ នាយដ្ឋានសិល្បៈទស្សនីយភាព អាសយដ្ឋានផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ្ (ខាងក្រោយអតីតភោជនីយដ្ឋានស្ប៉ាក និង តាវ៉ាន់ឌេង)។ មួយវិញទៀត អាចទំនាក់ទំនងតាមលេខទូរសព្ទ និងតេឡេក្រាម លោកគង់ ផល្លីនដា ០៨៩ ៥៧០ ៧៧៧ (ឬអ៉ីម៉ែល kongpda@gmail.com); កញ្ញា ចិន្តា ពៅអាទិត្យទេវី ០៧០ ៨៨២ ៤៩៨ និងលោក ថេង គឹមស ០៦៦ ៩៨៦ ៦៧៦។ចំពោះកាលបរិច្ឆេទចុះឈ្មោះ និងដាក់ពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងតទៅរហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០រសៀល ជាកំហិត។
បើតាមនាយកដ្ឋានសិល្បៈទស្សនីយភាព ក្នុងកិច្ចប្រជុំពិភាក្សាមួយកាលពីថ្ងៃទី ២៦កក្កដា កន្លងទៅនេះ ក៏បានឱ្យដឹង ពីគោលបំណងរបស់នាយកដ្ឋាន ស្តីពីការដំឡើងទស្សនីយភាពល្ខោនបាសាក់ ដើម្បីត្រៀមសម្តែងក្នុងពិធីបើក “មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣” នោះផងដែរ។ មហោស្រពនេះ គ្រោងនឹងធ្វើការផ្សាយផ្ទាល់តាម ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី២-៤ ខែតុលា ឆ្នាំ២០២៣ នាពេលខាងមុខ៕