(ថៃ)៖ អភិបាលក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឃ្លាំងស្ដុក ផាវ និងកាំជ្រួចគ្រប់ប្រភេទដែលគ្មានអាជ្ញាប័ណ្ណដ៏ខ្លាំងក្លាមួយនៅភាគខាងត្បូងប្រទេសថៃ បានធ្វើអ្នកស្លាប់កើនឡើងដល់ ១២នាក់ហើយ ខណៈប៉ូលីសបាននឹងកំពុងស្វែងរកម្ចាស់ទីតាំង ដោយចោទប្រកាន់ពីបទធ្វេសប្រហែស។ នេះបើយោងតាមការចេញផ្សាយដោយសារព៍ត៌មាន Bangkok Post នាល្ងាចថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Prayut Chan-o-cha បានបញ្ជាឲ្យមន្ត្រីផ្តល់ជំនួយភ្លាមៗ ដល់ជនរងគ្រោះដោយការផ្ទុះឃ្លាំងស្ដុកផាវ និងកាំជ្រួចនៅខេត្ត Narathiwat។
លោកស្រី ក៏បានធានាដល់អ្នកនៅរស់រានមានជីវិតផងដែរថា ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការសងជំងឺចិត្តពីរដ្ឋ។ លោកស្រីបន្ដថា អភិបាលខេត្ត Narathiwat បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនរងគ្រោះនៅទីលានកីឡារបស់រដ្ឋបាលស្រុក Muno ហើយជនរងគ្រោះទាំងអស់ត្រូវបានផ្តល់ជំនួយសង្គ្រោះបន្ទាន់។បើតាមអ្នកនាំពាក្យខាងលើបន្តថា ព្រះមហាក្សត្រ ក៏បានបញ្ជូនឧបករណ៍សង្គ្រោះ និងរៀបចំអាហារដ្ឋានសម្រាប់ជនរងគ្រោះនៅឯទីជម្រកទាំងនោះផងដែរ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៣រសៀលថ្ងៃសៅរ៍ នៅឯឃ្លាំងមួយកន្លែងក្នុងក្រុង Muno បានសម្លាប់មនុស្ស ១២នាក់ របួស ១២១នាក់ និងខូចខាតផ្ទះចំនួន ២៩២ខ្នង ខណៈផ្ទះចំនួន ៥០ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក Santi Sakultanak មេបញ្ជាការកងទ័ពជើងគោកទី៤ កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យមន្ត្រី ត្រួតពិនិត្យស្តង់ដារសុវត្ថិភាពនៅឃ្លាំងកាំជ្រួចចំនួន ៥២កន្លែងទៀតនៅទូទាំងខេត្ត Narathiwat ដើម្បីការពារករណីផ្ទុះ។ លោកក៏បានបព្ជាឲ្យមន្រ្តីក្រោមឱវាទត្រួតពិនិត្យខេត្ត ប៉ាតានី និងខេត្ត យ៉ាឡា ដូចគ្នាដែរ។ ជាមួយគ្នា លោកបានបន្តថា មន្ត្រីផ្នែកកម្ចាត់អាវុធផ្ទុះ (EOD) នឹងស្កែនទីតាំងផ្ទុះដើម្បីកំណត់បរិមាណកាំជ្រួចដែលរក្សាទុកក្នុងឃ្លាំង។
ប្រភពមួយបាននិយាយថា គេជឿថាកាំជ្រួចយ៉ាងតិច ៥តោនត្រូវបានរក្សាទុកនៅកន្លែងនោះ ដោយវិនិច្ឆ័យពីរណ្ដៅដ៏ជ្រៅចំនួន២ ដែលបន្សល់ទុកនៅកន្លែងកើតហេតុនោះ ប៉ុន្ដែគេមិនដឹងថា កាំជ្រួចទាំងនោះមានអាយុកាលប៉ុន្មានទេ។ សូមជម្រាបថា ការផ្ទុះកាលពីរសៀលថ្ងៃសៅរ៍ ត្រូវបានគេជឿថា បណ្តាលមកពីការផ្សាដែកអំឡុងពេលជួសជុលឃ្លាំង ហើយប្រហែលជាខ្ទាតផ្កាភ្លើងទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែរនោះ ទើបបណ្ដាលឲ្យផ្ទុះ និងឆាបឆេះឡើងតែម្ដង៕