(វៀតណាម)៖ ថ្វីបើព្យុះទីហ្វុង Doksuri វាយប្រហារចំវៀតណាមខ្លាំងក៏ដោយ ប៉ុន្តែវាកំពុងបង្កើតលំនាំខ្យល់ ដែលបណ្តាលឲ្យសីតុណ្ហភាពនៅភាគខាងជើង និងកណ្តាលប្រទេសនេះ កើនឡើងខ្ពស់។ ក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ ប្រទេសវៀតណាមភាគខាងជើង បានជួបប្រទះសីតុណ្ហភាពពេលថ្ងៃដ៏អាក្រក់ ពោលគឺចន្លោះពី៣៥ទៅ៣៨អង្សាសេ ចំណែកនៅពេលយប់ សីតុណ្ហភាពនៅតែរក្សាប្រហែល៣០អង្សាសេ ខណៈកម្រិតសំណើម ធ្លាក់ចុះដល់ប្រហែល ៥០ទៅ៥៥%។
នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយម។ ទីក្រុងហាណូយ គឺជាកន្លែងក្តៅបំផុតនៅភាគខាងជើងប្រទេសវៀតណាម ដោយស្ថានីយ៍អាកាសធាតុមួយចំនួន បានកត់ត្រាសីតុណ្ហភាព ៣៨អង្សាសេកាលពីថ្ងៃអង្គារ។ សីតុណ្ហភាពស្រដៀងគ្នានេះ ក៏ត្រូវបានកត់ត្រានៅទីក្រុងហាណូយផងដែរ កាលពីថ្ងៃពុធ។ លោក Nguyen Van Huong ប្រធាននាយកដ្ឋានព្យាករអាកាសធាតុ បាននិយាយថា កម្តៅសាយភាយដែលលាតសន្ធឹងហួសពីកន្លែងរងផលប៉ះពាល់ នៅតាមតំបន់សម្ពាធទាបនាភាគខាងលិច គឺដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Doksuri ដែលបានបោកបក់ខេត្តភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ។ មនុស្សយ៉ាងតិចប្រាំមួយនាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតផ្លាស់ទីលំនៅ នៅទីនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពអាកាសធាតុបច្ចុប្បន្ន ត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងវិញ ចាប់ពីថ្ងៃសុក្រទៅ នៅពេលព្យុះទីហ្វុងនេះ ខិតទៅជិតឆ្នេរសមុទ្រចិន ដែលបណ្តាលឲ្យឥទ្ធិពលខ្យល់ចុះខ្សោយ និងបន្ថយកម្តៅ៕