(ភ្នំពេញ)៖កម្មករនិយោជិតរងគ្រោះថ្នាក់ដោយហានិភ័យការងាររហូតដល់ស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារទាំងនៅកន្លែងធ្វើការផ្ទាល់និងទាំងពេលធ្វើដំណើរទៅទាំងមកពីផ្ទះទៅកន្លែងធ្វើការនិងមានជំងឺវិជ្ជាជីវៈដែលបង្កឡើងដោយសារតែការបំពេញការងារសមាជិកក្រុមគ្រួសារនឹងទទួលបានការឧបត្ថម្ភអស់មួយជីវិតពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានឱ្យបានឱ្យដឹងថា ប្រសិនបើគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតក្នុងកំឡុងពេលបម្រើការងារនោះ បសស ចេញថ្លៃដឹកសពទៅដល់ផ្ទះ និងផ្ដល់ប្រាក់វិភាជន៍ចំនួន ៤លានរៀល សម្រាប់ការចាត់ចែងធ្វើបុណ្យសពតាមសាសនា។ រីឯសមាជិកគ្រួសារ ដែលនៅក្នុងបន្ទុករបស់ជនរងគ្រោះ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងករណីជនរងគ្រោះនៅលីវផ្ដល់ប្រាក់ឧបត្ថម្ភជូនពុកម្ដាយ ឬចាស់ជរានៅក្នុងបន្ទុករបស់ជនរងគ្រោះ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ឬមានជំងឺប្រចាំកាយ មិនប្រកបមុខរបរដែលមានចំណូលឬប្រាក់សោធននិវត្តន៍។ ចំពោះអ្នករងគ្រោះរៀបការហើយមិនមានសំបុត្រអាពាហ៍ពិពាហ៍គឺមិនទទួលបានការឧបត្ថម្ភទេ។ ផ្ទុយទៅវិញ ករណីរៀបការមានសំបុត្រអាពាហ៍ពិពាហ៍ ប.ស.ស ផ្ដល់ប្រាក់ឧបត្ថម្ភជូនប្ដីឬប្រពន្ធមួយជីវិត ប្រសិនជាមិនមានចំណងអាពាហ៍ពិពាហ៍ជាថ្មី និងកូនក្នុងបន្ទុកទទួលបានការឧបត្ថម្ភអាយុមិនលើសពី២១ ឆ្នាំ។ បើតាមមន្ត្រី ប.ស.ស បានបញ្ជាក់ទៀតថា កូនពិការ ឬមានជំងឺរ៉ាំរ៉ៃហើយ មិនអាចប្រកបការងារ ឬមុខរបរដែលមានប្រាក់ចំណូលត្រូវផ្ដល់ប្រាក់ឧបត្ថម្ភអស់មួយជីវិត។ ក្រៅពីនេះកម្មករទទួលបានការផ្ដល់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃស្មើនឹង៧០ភាគរយនៃប្រាក់ឈ្នួល និងផ្តល់ប្រាក់ឧបត្ថម្ភ ៥០ភាគរយនៃប្រាក់បំណាច់ប្រចាំថ្ងៃរបស់ជនរងគ្រោះដល់អ្នកថែទាំផងដែរ។ ចំពោះកម្មករបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ចាប់ពី២០ភាគរយឡើងទៅ បសស នឹងផ្តល់ប្រាក់ឧបត្ថម្ភជូនរៀងរាល់មួយខែម្តង ហើយបើតម្រូវឱ្យមានអ្នកថែទាំនោះអ្នកថែទាំនឹងទទួលបានប្រាក់៥០ភាគរយនៃប្រាក់ឧបត្ថម្ភ ដែលជនរងគ្រោះនោះ។ លើសពីនេះទៀត បសស នឹងផ្ដល់ប្រាក់វិភាជន៍(បើកផ្តាច់)តែម្តងគត់ជួនកម្មករជាជនពិការក្រោម២០ភាគរយ។ បន្ថែមពីនេះ កម្មករដែលបាត់បង់សមត្ថភាពការងារជាអចន្ត្រៃយ៍ មានសិទ្ធិទទួលបានសេវាវេជ្ជសាស្ត្រឬសេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញឬសេវាសង្គមដូចជាការជួសជុលឬការផ្ដល់ជាថ្មីអវយវៈសិប្បនិម្មិតរណប ឬក៏ឧបករណ៍ជំនួយការហ្វឹកហាត់កាយសម្បទាឡើងវិញការព្យាបាលដោយចលនា និងសេវាវេជ្ជសាស្ត្រដទៃទៀត នឹងទទួលបានការបណ្ដុះបណ្ដាលជីវៈ ដើម្បីមានឱកាសទទួលបានការងារថ្មីឬប្រកបមុខរបរផ្ទាល់ខ្លួន។ បសស អាចជួយសម្រួលរកការងារឱ្យធ្វើស្របតាមលក្ខណៈសម្បត្តិ សមត្ថភាពទៅតាមមុខងារតួនាទី ការទទួលខុសត្រូវក្នុងមុខតំណែងព្រមទាំងទទួលបាននូវការប្រឹក្សា តម្រង់ទិសការអប់រំចិត្តសាស្ត្រក្នុងគោលបំណងសម្របខ្លួនទៅនឹងតម្រូវការគ្រួសារសហគមន៍ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ។ គួរបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកហានិភ័យការងារត្រូវបាន ប.ស.ស ចាប់ផ្តើមអនុវត្តនៅខែ វិច្ឆិកា ឆ្នាំ២០០៨ សម្រាប់វិស័ឯកជន និងវិស័យសាធារណៈអនុវត្តនៅខែមករាឆ្នាំ២០២១៕