(នូវែលហ្សេឡង់) ៖ ក្រុមបាល់ទាត់នារីនូវែលហ្សេឡង់ បានខកខានឱកាសមាស ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup នារី ឆ្នាំ២០២៣ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយនឹងប្រទេសអូស្ត្រាលី ក្រោយពួកគេចាញ់ក្រុមនារីហ្វីលីពីន នៅក្នុងការប្រកួតជម្រុះក្នុងពូល A ដែលទើបតែបញ្ចប់នៅមុននេះបន្តិច ដោយលទ្ធផល ១-០ នៅឯកីឡដ្ឋាន Wellington Regional ដែលមូលដ្ឋាននៅទីក្រុង Wellington ។ការឈ្នះលើម្ចាស់ផ្ទះនូវែលហ្សេឡង់ ដែលរកបានដោយខ្សែបម្រើប្រយុទ្ធកូនកាត់អាមេរិក Sarina Bolden នៅនាទី២៤ បានជួយហ្វីលីពីនរកឃើញជ័យជម្នះលើកដំបូងមិនធ្លាប់មានក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី និងបង្អាក់ដំណើរក្រុមម្ចាស់ផ្ទះឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ។ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យពូល A មាន៣ក្រុមគឺ ស្វីស ហ្វីលីពីន និងនូវែលហ្សេឡង់ មាន៣ពិន្ទុ។ ខណៈដែលស្វីស កំពុងធ្វើការប្រកួតជាមួយនឹងក្រុមបាតតារាងន័រវែស បង្គ្រប់ជុំទី២ នៃពូល A ៕